(គូឡាឡាំពួ)៖ កងកម្លាំងពិសេសប្រឆាំងភេរវកម្មរបស់ប្រទេសម៉ាឡេស៊ី ទើបប្រមាញ់បានជនសង្ស័យ​ ជាបណ្តាញក្រុម ISIS ចំនួន០៩នាក់ក្នុងនោះមានទាំងគ្រូបង្រៀនម្នាក់ផងដែរ ដែលពួកគេមានគំរោងបើក ការវាយប្រហារនានានៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងប្រតិបត្តិការ​នោះ ក្នុងចំណោម​ជន​សង្ស័យ​ដែលត្រូវចាប់​ខ្លួន​ទាំង ០៩នាក់ក៏មាន​ម្នាក់​ផងដែរ​ជាអ្នក​ធ្វើការនៅក្នុង​​ភោជនីយដ្ឋានមួយ និងមានអាយុ ៣១ឆ្នាំរស់​នៅក្នុងរដ្ឋ Perak ត្រូវបាន​ប៉ូលិស​ចោទ​ប្រកាន់ថា បានរៀបចំ​​គំរោងវាយប្រហារ​​ទៅលើស្ថានីយ៍ប៉ូលិស​​ក្នុងសង្កាត់ Tapah។ នេះបើតាម​​សម្តី​របស់លោក Khalid Abu Bakar អគ្គមេបញ្ជាការ​​ប៉ូលិស​ស៊ើបអង្កេត​​​របស់ម៉ាឡេស៊ី។

បុរសអាយុ ៣១ឆ្នាំខាងលើនេះ ក៏ត្រូវបានប៉ូលិសម៉ាឡេស៊ី​សង្ស័យផងដែរ​ថា ជាអ្នកដែល​បានទាក់ទង​ដោយផ្ទាល់ជា​មួយសមាជិក​ក្រុម ISIS នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី ដើម្បីជួញដូរសារធាតុយកមកផលិត​គ្រឿងផ្ទុះ ហើយក៏ជា​អ្នកបញ្ចុះបញ្ចូល​ជនជាតិម៉ាឡេស៊ីមួយចំនួនទៀត ឲ្យចូលរួមសកម្មភាព​ជាមួយ​ក្រុម​ភេរវករ ISIS ដូចជាការរៀបចំ​គំរោងបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារ​បង្កចលាចលក្នុង​សង្គមជាដើម។

គួរបញ្ជាក់ថា​ប៉ូលិសម៉ាឡេស៊ី​បានចេញប្រតិបត្តិការ​ក្តៅជាច្រើនលើក​ នៅចន្លោះថ្ងៃទី១៥ ដល់ទី២១ ខែមីនា នៅក្នុងរដ្ឋ Selangor, Perak, Kedah, Kelantan, និង Johor ដែលបានចាប់ខ្លួន​ក្រុមគាំទ្រ​បណ្តាញ​ក្រុម ISIS ជាច្រើននាក់ ថែមទាំង​បានកំណត់មុខសញ្ញា​ដែលត្រូវចាប់ជាបន្តបន្ទាប់ច្រើនទៀត៕