(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា ការប្រកាន់ជំហរបង្ករឿងនៅដែនសមុទ្រចិនខាង​ត្បូង រួមនិង​ភាពអសកម្មរបស់សហរដ្ឋអាមេរិក នៅពេលដែលចិនបានចាប់ផ្តើមសាងសង់កោះសប្បនិម្មិតនៅទីនោះ គឺជាហេតុបណ្តាលឲ្យកើតមានឡើងនូវ​ភាពតានតឹង ដែលបច្ចុប្បន្នកំពុងបន្តគ្របដណ្តប់តំបន់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅ​មុននេះបន្តិចានារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា​យុទ្ធនាការ​ចល័តនាវាល្បា ​ដើម្បីសេរីភាពរបស់ទីក្រុង​វ៉ាស៊ីនតោន បានប្រឈម​​​នឹងហា​និយ​ភ័យ​​យ៉ាងធ្ងន់ធ្ងរ​ ដែល​អាចបង្កជាការ​ប៉ះទង្គិចគ្នា ហើយលោកបាន​ចោទប្រកាន់​រដ្ឋាភិបាលអតីត​មេដឹកនាំ​អាមេរិកលោក អូបាម៉ា ថា​បានដាក់​សម្ពាធកៀក​សង្កត់លើហ្វីលីពីន​ឲ្យចេញមុខ​ប្រឆាំងតទល់​ជាមួយចិន ដោយពុំមាន​ការធានាគាំទ្រ​ផ្នែកយោធាពី​ទីក្រុងវ៉ាស៊ីនតោន​​នោះឡើយ។

ជាមួយគ្នានេះលោក ឌូតឺតេ បានបន្ថែមថា​សម្ព័ន្ធដ៏​ចំណាស់​​នៃ​ប្រទេស​​របស់​លោក ​ដែលស្ថិតនៅ​ក្រោមសន្ធិសញ្ញា​​រវាង​ប្រទេស​​​ទាំងពីរ មាន​កា​តព្វ​កិច្ច​​ការពារទឹកដី​ហ្វីលីពីននោះ តែបែរ​ជាមិនបានធ្វើអ្វី​ទាំងអស់​ នៅពេលដែល​ទីក្រុងប៉េកាំង​បានចាប់ផ្តើម​កសាង​​សំណង់នានា​នៅតាមផ្នែកនៃតំបន់​សេដ្ឋកិច្ចពិសេស​ផ្តាច់មុខរបស់​ទីក្រុងម៉ានីល។

គួរបញ្ជាក់ថា​ការធ្វើអត្ថាធិប្បាយ​របស់លោគ ឌូតឺតេ ត្រូវបានធ្វើឡើង​នៅចំពេលមាន​ការព្រួយបារម្ភ​នៅក្នុងប្រទេស​ហ្វីលីពីន ដែលថា​ចិន​នឹងធ្វើការ​សាងសង់ស្ថានីយ៍​ឃ្លាំមើល​បរិស្ថានមួយ​ចំនួនទៀត នៅក្នុងដែនសមុទ្រ​មានវិវាទនេះ ដោយរួមទាំង​នៅលើតំបន់ថ្ម​ប៉ប្រះទឹក Scarborough Shoal ដែលស្ថិតនៅ​ចម្ងាយប្រមាណ​ជា ២០០គីឡូម៉ែត្រពីឆ្នេរសមុទ្រ​ប្រទេសហ្វីលីពីន​ផងដែរ ក៏ប៉ុន្តែទីក្រុងប៉េកាំង​បាន​ច្រាន​ចោលថា​ វាពុំមែនជាការពិត​នោះទេ៕