(ហាណូយ)៖ ទីបំផុតប្រទេសវៀតណាមដែលនាពេលថ្មីៗនេះ បានជួបប្រទះបញ្ហាលំបាកយ៉ាងខ្លាំង ក្នុងការនាំចេញផលិតផល​បង្គារ​​នោះ បានធ្វើការផ្អាកជាផ្លូវការនូវការនាំចូលសាច់ រួមទាំងផលិតផលបសុសត្វ និងបសុបក្សី ពីកសិដ្ឋាន​ក៏ដូចជារោងចក្រ​ចំនួន​២១កន្លែង​របស់​ប្រទេសប្រេស៊ីល ដែលកំពុងស្ថិតក្រោមការសង្ស័យថា បានប្រើប្រាស់សារធាតុពុំមានអនាម័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់​ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម​ផ្ទាល់។

យោងតាម​សេចក្តីរាយការណ៍​របស់សារព័ត៌មាន​ People នៅថ្ងៃសុក្រនេះ ក្រសួងកសិកម្ម​ និងអភិវឌ្ឍន៍​ជនបទ​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​​នា​យក​ដ្ឋាន​សុខភាពសត្វ​ធ្វើការតាមដាន ក៏ដូចជាត្រួត​ពិនិត្យឲ្យបានដិត​ដល់ផងដែរ ទៅលើផលិតទាំងនោះ​ដែលបាននាំចូលពី​ប្រទេសប្រេ​ស៊ីល​នាពេលមុនៗ ហើយត្រូវផ្តល់​ដំណឹងជាបន្ទាន់នៅ​ក្នុងករណីដែលរកឃើញ​ផលិតផល​មានប្រភពចេញ​ពីរោងចក្រទាំង​ ២១នោះ។ ​

គួរបញ្ជាក់ដែរថាវៀតណាម​បានធ្វើការនាំចូល​ផលិតផលសាច់​ប្រមាណ ៣,០០០តោន​ពីប្រេស៊ីលគិត​ចាប់តាំងពីដើមឆ្នាំ២០១៧នេះ ដែលវាគឺជា​ចំនួនតិចតួចនោះ​ទេ បើធៀបទៅនឹងផលិត​ផលសាច់ជិត​ ០៦លានតោន ដែលប្រទេស​អាមេរិកឡាទីនមួយនេះ​បាននាំចេញ​ជា​រៀងរាល់ឆ្នាំ។ ដោយឡែកនា​ពេលថ្មីៗកន្លង​ទៅនេះ​ វៀតណាមក៏បានជួបប្រទះ​បញ្ហាធ្ងន់ធ្ងរ​មួយផងដែរ បន្ទាប់ពី​ប្រទេសអូស្រ្តាលី​​បាន​សម្រេច​ផ្អាក​ការនាំចូលសត្វ​បង្គារ​ពីប្រទេស​របស់ខ្លួន ដោយសង្ស័យថា​ជាប្រភពបង្ក​ជំងឺរាតត្បាត៕