(អង់គ្លេស)៖ ប៉ូលិសអង់គ្លេសបានកំណត់អត្តសញ្ញាណ ជនដែលបានវាយប្រហារស្លាប់មនុស្ស០៥នាក់ នៅឯខាងក្រៅបរិវេណសភាអង់គ្លេសកាលពីថ្ងៃពុធនោះហើយ នោះរូបគេគឺជាពលរដ្ឋអង់គ្លេសមានឈ្មោះថា Khalid Masood អាយុ៥២ឆ្នាំ ខណៈក្រុម ISIS ក៏បានចេញមុខទទួលខុសត្រូវ លើការវាយប្រហារដ៏អាក្រក់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។ ​

ក្រុម ISIS តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ ឈ្មោះ Amaq បានអះអាងថា​ ការវាយប្រហារ​នៅកណ្ដាលទីក្រុង​ឡុងដ៏ ជាស្នាដៃ​របស់ខ្លួនហើយជន Khalid Masood ជាអ្នកប្រយុទ្ធម្នាក់​ក្នុងចំណោមក្រុម​អ្នកប្រយុទ្ធ ISIS ដែលទទួល​បញ្ជា និងកំពុងដឹកនាំ​ការវាយប្រហារ​សងសឹក ទៅលើបណ្ដា​ប្រទេសបានចូលរួម​នៅក្នុង ក្រុមចំរុះអន្តរជាតិ​ជាមួយ​សហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំង​នឹងក្រុមរបស់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់។

ដោយឡែក​បើយោងតាម​ប៉ូលិស​អង់គ្លេស Khalid Masood ក៏ជាគ្រូបង្រៀន​ភាសាអង់គ្លេសម្នាក់​ផងដែរ និងថែមទាំងធ្លាប់​បានប្រព្រឹត្តបទល្មើស​ជាច្រើនទៀតផង ក៏ប៉ុន្តែមិនមាន​ជាប់ពាក់នឹង​សកម្មភាពភេរវកម្ម​នោះទេ។ «គាត់ (Khalid Masood) មិនបានស្ថិត​នៅក្រោមកម្មវត្ថុ​នៃការស៊ើបអង្កេត​ណាមួយឡើយ ហើយក៏​មិនមានព័ត៌មាន​បញ្ជាក់ថា​ រូបគាត់មាន​បំណងធ្វើសកម្មភាព​ភេរវកម្ម​នោះដែរ»។ នេះបើតាម​សម្តីមន្ត្រីប៉ូលិស​អង់គ្លេស។

គួរបញ្ជាក់ថា​បើតាមប៉ូលិស​អង់គ្លេស ភេរវករ Khalid Masood គឺជាអ្នកវាយប្រហារ​មានអាយុច្រើនជាងគេ នៅក្នុងចំណោមភេរវករ ដែលបានវាយប្រហារភេរវកម្មនៅ​អឺរ៉ុបនាពេលថ្មីៗ​កន្លងទៅនេះ៕