(ម៉ូស្គូ)៖ នៅមុននេះបន្តិចគេហទំព័រ WikiLeaks ដែលមានជំនាញខាងបញ្ចេញព័ត៌មានសម្ងាត់ដ៏រសើបៗនោះ បានចុះផ្សាយនូវកញ្ចប់ឯក​សារថ្មីចុងក្រោយបំផុតនៃកម្រងឯកសារសម្ងាត់ «Vault 7» ដែលទាក់ទងនឹងកម្មវិធីលួចស៊ើបការណ៍របស់ទីភ្នាក់ងារ CIA របស់អាមេរិក ដោយកញ្ចប់ឯកសារសម្ងាត់នេះមានឈ្មោះថា «Dark Matter» ដែលបកអាក្រាតពីបច្ចេកទេសផ្សេងៗរបស់ CIA ដែលត្រូវបាន ប្រើប្រាស់​​​ ទៅលើផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញទូទាំងពិភពលោក Apple។ នេះបើតាមការ ចេញផ្សាយដោយសារ​ព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថាគំរោង Dark Matter នេះត្រូវបានបង្កើតឡើងដោយផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យា EDB របស់ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ CIA ដើម្បីវាយលុកទៅលើកម្មវិធីស្នូលដ៏សំខាន់បំផុត បង្កប់រួចស្រាប់នៅក្នុង ផលិតផលរបស់ Apple ដែលមានន័យ​ថាមេរោគនេះនឹងនៅតែបន្តវាយលុកនៅក្នុងផលិតផលទាំងនោះរហូត ទោះបីជាមានការខិតប្រឹងប្រែងក្នុងការកម្ចាត់វាចោល​យ៉ាងណាក្តី​ ដោយរួមទាំងការព្យាយាមដំឡើង ប្រព័ន្ធប្រតិបត្តិនៃឧបករណ៍សាជាថ្មីផងដែរ។

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ គេហទំព័រ Wikileaks បានប្រកាសថាខ្លួនបានចាប់ផ្ដើមទម្លាយឯកសារសម្ងាត់ជាច្រើន ក្រោមលេខកូដ Vault 7 របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់សហរដ្ឋអាមេរិកដែល​នឹង​ក្លាយ​ជា​ការ​ចុះ​ផ្សាយ​ឯក​សារ​សម្ងាត់​សំខាន់​រាប់​ពាន់ពាក់​ព័ន្ធនឹងទីភ្នាក់ងារចារកិច្ចនេះ។

ផ្អែកលើ​ឯកសារ​សម្ងាត់ CIA ដែលត្រូវបាន​ទម្លាយដោយ​គេហទំព័រ Wikileaks ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក CIA អាចមាន​លទ្ធភាព Hack និងប្រមូល​សារឆ្លើយឆ្លង ឬ Messages នៅលើ WhatsApp និងកម្មវិធី​ទូរស័ព្ទដៃជាច្រើន​ផ្សេងទៀតត្បិត CIA បានតាមដានក៏ដូច​ជា​កំពុង​​គ្រប់​គ្រងទូរស័ព្ទដៃស្មាត​ដល់ទៅ​ ៨៥ភាគរយ នៅទូទំាង​ពិភពលោក។ ជាងនេះទៅទៀត CIA ក៏បានផលិតវីរុស​ព្រមទំាងកម្មវិធីរាប់​ពាន់ ដែលអនុញ្ញាត​ឱ្យខ្លួនចូល Hack ប្រមូលសារ​ឆ្លើយឆ្លង​នៅលើ​កម្មវិធី WhatsApp, Weibo របស់ចិន និង Clockman ចំណែក​ឯកសារជា​អក្សរ ឬជាសំឡេង​ក៏ត្រូវបាន CIA Hack ផងដែរ។

តាមឯកសារ​សម្ងាត់របស់ WikiLeaks ​ដែលត្រូវបានទម្លាយនាលើកមុនបានឲ្យដឹងថា CIA បានបង្កើត​កម្មវិធី​រាប់ពាន់​ក្នុងនោះរួម​មានទំាង​ការបង្កើតវីរុស និង​កម្មវិធី​​ជា​ច្រើន​ផ្សេងទៀត ដែលអនុញ្ញាត​ឱ្យខ្លួន​ចូល Hack ទិន្នន័យ ឬគ្រប់គ្រង​ឧបករណ៍​អេឡិចត្រូនិច ដូចជាទូរស័ព្ទដៃ​ស្មាតហ្វូន កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដ​ទំនើបជាដើម ដើម្បីឆ្លបយកការណ៍​លើអ្នកប្រើប្រាស់។ ចំណែកឯ​ក្រុមហ៊ុន Microsoft Apple និង Samsung ក៏បានបង្ហាញការ​ព្រួយបារម្ភ​របស់ខ្លួនផងដែរ បន្ទាប់ពី​ការបែក​ធ្លាយឯកសារសម្ងាត់ CIA។

គួរបញ្ជាក់ថា​ WikiLeaks បានបញ្ចេញ​ឯកសារជុំដំបូង​នៃ Vault 7 ដែលបកអាក្រាត​អំពីសមត្ថភាព​នៃ​ការ Hack របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA របស់​អាមេរិក ហើយយោង​តាមក្រុមបញ្ចេញ​ឯកសារសម្ងាត់ដ៏​រសើបៗ​ជុំវិញពិភពលោក​​ដដែលនេះ ចង្កោម​ឯកសារ​ដែលមាន​ចំនួន​៨,៧៦១ច្បាប់នេះ គឺត្រឹមតែមួយ​ភាគរយ​ប៉ុណ្ណោះនៃឯកសារ​សម្ងាត់ទាំងស្រុង​ ដែលគ្រោង​នឹង​​ចេញផ្សាយ​ជាបន្តបន្ទាប់​ទៀត៕