(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួមអបអរសាទរដល់ប៉ាគីស្ថាន នៅក្នុងឱកាសនៃការ​ប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការទទួលឯករាជ្យ និងថ្ងៃដួលរំលំអាណានិគមអង់គ្លេស។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹង​ទៀតថា ប្រធាននៃប្រធានសភា​កំពូលប្រជាជនកូរ៉េខាងជើង លោក Kim Yong Nam បានផ្ញើសារអបអរសាទរ​ទៅកាន់ប្រធានាធិបតី​ប៉ាគីស្ថានលោក Mamnoon Hussain នៅក្នុងថ្ងៃបុណ្យ​ឯករាជ្យជាតិ។ «នៅក្នុងសារអបអរសាទរនេះ កូរ៉េខាងជើងសង្ឃឹមថា​លោកប្រធានាធិបតី ប៉ាគីស្ថាន​​អាចនឹងសម្រេច​ជោគជ័យដ៏ធំ​នៅក្នុងការងារស្វែងរក​វិបុលភាព និងស្ថេរភាព​សង្គមរបស់​ប៉ាគីស្ថាន ហើយក៏ជឿជាក់​ផងដែរថា​​ ទំនាក់ទំនងមិត្តភាព​រវាងប្រទេសទំាងពីរ​នឹងបន្តរីកចំរើន​ និងអភិវឌ្ឍន៍ អនុឡោមតាម​ផលប្រយោជន៍រួម និងការចង់បាន​របស់ប្រជាជន​ប្រទេសទាំងពីរ»។ នេះបើតាម KCNA។

គួរបញ្ជាក់ថា​ប៉ាគីស្ថានបាន​ទទួលឯករាជ្យ​ពីអង់គ្លេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៤៧។ ប៉ាគីស្ថាន និង​កូរ៉េខាងជើងគឺជាមិត្តនឹងគ្នា ហើយសារព័ត៌មានមួយចំនួនកន្លងមកក៏បានចុះផ្សាយដែរថា កូរ៉េខាងជើងធ្លាប់បានទទួលបច្ចេកវិទ្យា និងគ្រឿងបរិក្ខាផលិតអាវុធ​មួយចំនួនពីប្រទេស​អាស៊ីខាងត្បូងមួយនេះ​ផងដែរ៕