(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ​មានឆន្ទៈ​​​យ៉ាងមុតមាំ ក្នុងការពិភាក្សាគ្នាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងជំនួប​ជាមួយអ្នកតំណាង​ពិសេស​ នៃអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី​លោក Staffan de Mistura នៅឯទីក្រុង​ម៉ូស្គូ​ លោក ឡាវរ៉ូវ បានបញ្ជាក់យ៉ាងច្បាស់លាស់ដូចគ្នាថា «ពួកយើង​បានត្រៀម​លក្ខណៈ​រួចជាស្រេច ដើម្បីធ្វើការ​ពិភាក្សាអំពី​លទ្ធភាព​នៃការ​បន្ត​កាត់​បន្ថយការ​ប្រើប្រាស់​នូវអាវុធ​នុយក្លេអ៊ែរ​បន្ថែមទៀត ប៉ុន្តែ​លុះត្រាតែ​រាល់កត្តាពាក់ព័ន្ធ​ទាំងអស់​ នឹងត្រូវលើក​យកមក​ពិចារណា​ក៏ដូចជា​​​ពិភាក្សា មិនមែនត្រឹម​តែអាវុធយុទ្ធសាស្រ្ត​មួយចំនួន​នោះឡើយ»

ជាចុងក្រោយ​លោករដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី​បានលើកឡើងថា​ ទីក្រុងម៉ូស្គូ​ស្វាគមន៍​ជានិច្ចក្នុងការបើកកិច្ច​សន្ទនា​ជាមួយ​សហរដ្ឋអាមេរិក​​ស្តីពីការ​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ និងជឿជាក់ថា​​ប្រទេស​ដទៃជាច្រើន​ផ្សេងទៀត​ក៏ចាំបាច់ត្រូវ​ចូលរួមក្នុង​ដំណើរការ​នៃកិច្ច​ពិភាក្សានេះ​ផងដែរ៕