(វ៉ាស៊ីនតោន)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថាជាអ្នកទទួលខុសត្រូវលើវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសយ៉េមែន តាមរយៈការប្រគល់អាវុធរបស់ពួកគេទៅឱ្យ អារ៉ាប៊ី សាអូឌីត ដែលកំពុងដឹកនាំក្រុមចំរុះអារ៉ាប់វាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមូលដ្ឋាននៃក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍របស់ខ្លួន​ អង្គការអន្តរជាតិមួយនេះ​បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង​ឡុងដ៍​បានផ្ដល់អាវុធគិត​ជាទឹកប្រាក់រហូត​ដល់ជាង ៥ពាន់លានដុល្លារសម្រាប់​ អារ៉ាប៊ី សាអូឌីត ចាប់តាំងពី​ប្រទេសនេះ​ធ្វើអន្តរាគមន៍យោធា​នៅយ៉េមែន អស់រយៈពេល០២ឆ្នាំមកនេះ។ ម្យ៉ាងវិញទៀត​ចំនួន លុយទាំងនេះ​គឺច្រើនជាង ១០ដង បើធៀបទៅនឹងជំនួយ​ដែលប្រទេស​មហាអំណាច​ទាំងពីរ ផ្ដល់ឱ្យយ៉េមែនក្នុងរយៈពេល ០២ឆ្នាំទៅទៀត។

«ជម្លោះនៅយ៉េមែនបានបង្ខំឱ្យប្រជាជន​ ០៣លាននាក់ចាកចេញពី​ផ្ទះសម្បែង ហើយពួកគេ​កំពុងប្រឈមមុខ​នឹងវិបត្តិមនុស្សជាតិ​យ៉ាងធ្ងន់ធ្ងរ (...) ការផ្គត់ផ្គង់​អាវុធដោយ​បណ្ដារដ្ឋ មួយចំនួន​ដូចជា សហរដ្ឋអាមេរិក និងអង់គ្លេស ត្រូវបានគេយក​ទៅប្រើប្រាស់ ដើម្បីប្រព្រឹត្ត​សកម្មភាពរំលោភ​បំពាននានា ដែលជាការចូលរួម​ចំណែកបង្កទៅ គ្រោះមហន្តរាយ​មនុស្សជាតិ»។ នេះបើតាមភ្នាក់ងារអង្គការខាងលើ​ប្រចាំប្រទេស​លីបង់ លោកស្រី Lynn Maalouf។

គួរបញ្ជាក់ថា​បើតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅយ៉េមែន​បានផ្ដាច់យកអាយុជីវិត​មនុស្សជិត ៧,៧០០នាក់​ភាគច្រើនជាជនស៊ីវិល និង៤២,៥០០នាក់​បានរងរបួស​គិតចាប់​តាំងពី​ឆ្នាំ២០១៤មក។ ចំណែកឯ​អង្គការលើកលែងទោស​អន្តរជាតិ ក៏បានស្នើឱ្យ​បញ្ឈប់ការ​ផ្ដល់អាវុធ​ក៏ដូចជាអំពាវនាវ​ឱ្យមានការ ស៊ើបអង្កេត​អន្តរជាតិ​ពាក់ព័ន្ធនឹងការ​រំលោភបំពានជាច្រើន​ ប្រព្រឹត្តឡើងដោយ​ភាគីជម្លោះ​ទំាងអស់៕