(អង់គ្លេស)៖ រថក្រោះ, កាំភ្លើងធំស្វ័យប្រវត្តិ, និងបរិក្ខាយោធាទំនើបៗជាច្រើនគ្រឿង ដែល​បញ្ជូនចេញមកពីចក្រភពអង់គ្លេស និង​អាល្លឺម៉ង់​នោះ ​បានចាប់ផ្តើមធ្វើដំណើរទៅដល់ប្រទេសអេស្តូនីជាបណ្តើរៗហើយ ដែលការចល័តនេះត្រូវបានរដ្ឋមន្រ្តីក្រសួងការពារអង់គ្លេសចាត់​ទុកថា ជាការដាក់ពង្រាយយោធាដ៏ធំបង្អស់នៅអឺរ៉ុបប៉ែកខាងកើត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​នៃចក្រភពអង់គ្លេស​បានរាយការណ៍ថា គ្រឿងយន្តយោធាអង់គ្លេសជុំដំបូងជាង ១០០គ្រឿង​បានទៅដល់អេស្តូនី​​​នាថ្ងៃពុធសប្តាហ៍​នេះ បន្ទាប់ពីត្រូវបាន​ដឹកជញ្ជូនតាមសាឡង់​ចេញពីប​ណ្តាកំពង់ផែ​ជាច្រើនកន្លែង​ នៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់​។ សម្ភារៈទ័ពធុនធ្ងន់​ទាំងនេះ​នឹងត្រូវចល័ត​បន្តពីកំពង់ផែ​​មួយកន្លែង​នៃប្រទេស​អេស្តូនី ទៅកាន់មូលដ្ឋាន​យោធា​នៅក្នុង​ទីក្រុង Tapa។

គួរបញ្ជាក់ថា​យោងតាមលោក Michael Fallon រដ្ឋមន្រ្តីក្រសួង​ការពារជាតិអង់គ្លេស វាគឺជា​ការចល័តកម្លាំង​យោធាដ៏ធំបំផុត​មួយ នៅក្នុង​តំបន់​ចាប់​តាំង​ពីសម័យសង្រ្គាម​ត្រជាក់។ ព្រមពេល​ជាមួយគ្នា​អង្គការ NATO បានលើកឡើងថា​ ការមកដល់នៃបរិក្ខាយោធា​ទាំងនេះគឺ​ដើម្បី​តែ​បង្កើនសន្តិសុខ​ក្នុងតំបន់ សំដៅ​ទប់ទល់ការគំរាម​កំហែងពីប្រទេសរុស្ស៊ីប៉ុណ្ណោះ៕