(ប៉ារីស)៖ អ្នកនយោបាយ​និយមកណ្តាល​លោក Emmanuel Macron ត្រូវបានគេព្យាករណ៍ថា នឹងស្ថិតនៅលេខរៀងកំពូលក្នុងជុំទីមូយ​ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនាខែក្រោយនេះ ពោលគឺនៅលើមេដឹកនាំបក្សស្តាំនិយម លោកស្រី Marine Le Pen មុន​នឹង​បន្តផ្តួលរូបលោកស្រី ដើម្បីយកតំណែងជាប្រធានាធិបតីថ្មីនៃប្រទេសបារាំង។ នេះ​​បើ​តាម​ការ​ស្ទាប​ស្ទង់​មតិ​មួយ ដែល​ត្រូវ​បាន​ដក​ស្រង់​ដោយ​សារ​ព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

លទ្ធផលនៃ​ការស្ទង់មតិដែល​ចេញផ្សាយនៅ​ថ្ងៃព្រហស្បតិ៍នេះ លោក Macron ត្រូវគេមើលឃើញ​ថា​នឹង​ទទួល​បាន​សំឡេង​​គាំទ្រ​ ​២៦​ភាគរយ​ នៃការបោះឆ្នោតជុំទីមួយ​នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ ដែលតាមពីក្រោយដោយលោកស្រី Le Pen ជាមួយសំឡេង​គាំទ្រ​២៥ភាគរយ។ ម៉្យាងវិញទៀត​យោងតាម​លទ្ធផលស្ទាបស្ទង់​ដដែលនេះ​លោក Emmanuel Macron ក៏នឹងទទួល​បានតំណែងជា​ប្រធានាធិប​តី​ដោយ​យកឈ្នះលើ​លោកស្រី Le Pen នៅក្នុងការបោះឆ្នោត​សម្រេចចុងក្រោយ​នាថ្ងៃទី០៧ ខែឧសភាផងដែរ​ជាមួយសំឡេង ៦៤ភាគរយ​ទល់នឹង៣៥ភាគរយ។

គួរបញ្ជាក់ថាការ​ស្ទង់មតិខាងលើត្រូវបាន​ធ្វើឡើងចាប់ពី​ថ្ងៃទី២១ ដល់ទី២២ ខែមីនា​ក្នុងចំណោមអ្នកចូលរួម​សរុបចំនួន​ ៦,៣៨៣នាក់ ហើយ​​​ភាគ​រយ​នៃសំឡេងគាំទ្រ​របស់លោក Macron និងលោកស្រី Le Pen គឺមិនខុសការ​ស្ទង់មតិមួយផ្សេងទៀត​កាលពីសប្តាហ៍មុន​នោះឡើយ៕