(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិ​អាមេរិក​លោក Steven Mnuchin បានសន្យាថា​លោកនឹង​ដើរតួដ៏​សំខាន់មួយ​ក្នុងការរៀបចំ​កញ្ចប់ទណ្ឌកម្ម សម្រាប់ដាក់លើ​ប្រទេស​កូរ៉េខាងជើង ដែលការអះអាង​បែបនេះ​ធ្វើឡើងបន្ទាប់ពី​ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់​សាកល្បងគ្រាប់មីស៊ីល​ចំនួនពីរលើកមក​ហើយនៅក្នុង ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ការអះអាងខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក Mnuchin និងរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោក Yun Byung-se នៅថ្ងៃពុធ​សប្តាហ៍នេះ ដែលមានតំណាង​ប្រទេសចំនួន ៦៨ទៀតចូលរួមនៅក្នុង​ក្រសួងការបរទេស​អាមេរិក ដើម្បីធ្វើការពិភាក្សា​គ្នាអំពីការប្រយុទ្ធប្រឆាំង​នឹងក្រុម​រដ្ឋអ៊ីស្លាម ISIS ដែល​អាមេរិកកំពុង​តែប្រមែប្រមូល​ដៃគូនានាឲ្យជួយ​ក្នុងប្រតិបត្តិការ​របស់ខ្លួន។

ឆ្លៀតនៅក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ដែលកំពុងមានវត្តមាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ស្រាប់បាន​ធ្វើការលើកឡើង​ពីបញ្ហា​កូរ៉េខាងជើង ដែលបានធ្វើតេស្ត​គ្រាប់មីស៊ីល​បន្ថែមទៀត​កាលពីថ្ងៃពុធ​នោះ ជាលើកទីពីរហើយ​នៅក្នុងខែមីនានេះ ដូច្នេះកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក​​ដែលជាសម្ព័ន្ធមិត្ត បានរួមគ្នាជា​ធ្លុងមួយ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាអសន្តិសុខនានាបង្កឡើងដោយកូរ៉េខាងជើង។ អាមេរិកធ្លាប់បានប្តេជ្ញាថា នឹងនៅការពារ​កូរ៉េខាងត្បូងជានិច្ច​នៅក្នុងពេលវេលា​ដ៏លំបាកនេះ៕