(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកមិនមានបំណង​ចង់ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ហើយថាលោកព្រមទទួលយកតួនាទីនេះដោយសាតែ​ប្រពន្ធរបស់លោកប្រាប់ឱ្យធ្វើតែប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Independent Journal Review (IJR) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើងបែប​នេះ​របស់លោក ធីល្លឺសុន ធ្វើឡើងនៅ​ក្នុងបទសម្ភាសន៍​នៅលើយន្ដហោះ​ជាមួយ IJR អំឡុងពេល​ដែលបំពេញដំណើរ​ទស្សនកិច្ចទៅកាន់ជប៉ុន កូរ៉េខាងត្បូង និងចិន​កាលពីសប្ដាហ៍មុន។ អតីត CEO ក្រុមហ៊ុន​ប្រេង Exxon Mobil រូបនេះ​បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនចង់ធ្វើ​ការងារនេះទេ (ការងារជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក) ហើយខ្ញុំក៏មិនបាន​ស្វះស្វែងរកការងារ​នេះដែរ។ ក៏ប៉ុន្តែប្រពន្ធរបស់ខ្ញុំ ប្រាប់ថា​ខ្ញុំត្រូវតែទទួល​យកការងារ​នេះ (...) ម្យ៉ាងវិញទៀត​នៅពេលដែលគាត់ (លោក ដូណាល់ ត្រាំ) សួរខ្ញុំថា​ខ្ញុំចង់ធ្វើជារដ្ឋមន្រ្តី​ការបទេសឬទេ ខ្ញុំពិតជាភ្ញាក់ផ្អើល​ណាស់»

គួរបញ្ជាក់ថា​បើតាម IJR លោក ធីល្លឺសុន មានគំរោងចូលនិវត្តន៍​ពីមុខជំនួញ​របស់លោក​នៅខែមីនានេះ ដើម្បីទៅមើល​ថែចៅៗរបស់លោក​នៅឯផ្ទះ។ ប៉ុន្តែនៅពេលលោកទៅដល់ផ្ទះ​ហើយប្រាប់ប្រពន្ធ​គឺលោកស្រី រិនដា ធីល្លឺសុន (Renda Tillerson) ពីរឿងលោក ត្រាំ ចង់តែងតំាង​លោកជារដ្ឋមន្ត្រី​ការបរទេស លោកស្រី រិនដា បានប្រាប់ឱ្យប្ដី​របស់ខ្លួនទទួលយក​ការតែងតាំងនេះ។ «ប្រពន្ធរបស់​ខ្ញុំបានបញ្ចុះ​បញ្ចូលខ្ញុំ។ នាងនិយាយត្រូវ។ ខ្ញុំត្រូវតែទទួលយកការងារ​ជារដ្ឋមន្រ្តីការបរទេសអាមេរិក»។ នេះបើតាមសម្តីលោក រិច ធីល្លឺសុន៕