(វ៉ាស៊ីនតោន)៖ មន្រ្តីប៉ូលិស​ម្នាក់​ និងមនុស្សបី​ទៀតបាន​បាត់បង់​ជីវិតនៅក្នុង​ហេតុការណ៍​បាញ់ប្រហារដ៏អាក្រក់​​ជា​បន្តបន្ទាប់គ្នា ដែល​​ត្រូវ​គេ​​ជឿ​ជាក់​ថា​​បាន​​កើត​​​ចេញ​ពីការឈ្លោះ​ប្រកែកគ្នានៅ​ក្នុងធនាគារ​មួយកន្លែង នៅភាគខាងជើង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​នាថ្ងៃ​ពុធ​សប្តាហ៍​នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post នៅ​មុន​នេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

លោក Wally Sparks ជាប៉ូលិសនៅ​តំបន់កើតហេតុបានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មានមួយថា មន្រ្តីដែល​បានបាត់បង់ជីវិត​​ខាង​លើ​គឺ​មន្រ្តី​​នៅក្នុងស្ថាប័ន​របស់លោក ខណៈជន​សង្ស័យ​ដែលជាប់ពាក់ព័ន្ធ​នៅក្នុងករណីនេះ​ ​កំពុងស្ថិតក្រោម​ការឃុំខ្លួន។ យោង​តាម​​លោក Sparks ការ​បាញ់​​ប្រហារ​បាន​កើត​ឡើង​​នៅ​ទីតាំងចំនួនបី​កន្លែងរួមមាន​​ធនាគារ, ក្រុមហ៊ុនច្បាប់, និងផ្ទះល្វែង​នៅភាគខាងជើងរដ្ឋ។

គួរបញ្ជាក់ថា​អាជ្ញាធររដ្ឋ Wisconsin មិនបានទទួល​ឆ្លើយសំណួរនៅក្នុងសន្និសីទ​ខាងលើនោះ​ឡើយ ប៉ុន្តែបាន​ធានាអះអាងថា​ នឹងពុំ​មានបញ្ហាអ្វីដែលជា​ការ​គំរាមកំហែងដល់​សាធារណជនទៀត​នោះឡើយ៕