(ស៊ីរី)៖ មនុស្សយ៉ាងតិចចំនួន ៣៣នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយកងយន្តហោះ​ចម្បាំងចម្រុះដឹកនាំ​ដោយសហរដ្ឋអាមេរិក ទៅលើសាលារៀនមួយកន្លែង​ ដែលត្រូវបានប្រើប្រាស់​ជាមជ្ឈមណ្ឌល សម្រាប់ជនគ្មានទីជ្រកកោនស្នាក់អាស្រ័យ​ នៅក្បែរ ទីក្រុងមួយដែលកំពុងស្ថិតក្រោមការកាន់កាប់របស់​ក្រុមសកម្មប្រយុទ្ធ។ នេះបើតាមការអះអាង ពីសំណាក់ក្រុមឃ្លាំងមើលសិទ្ធិ​​មនុស្សប្រចាំនៅក្នុង​ប្រទេសស៊ីរីផ្ទាល់ ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន Daily Mail នៅមុននេះបន្តិចនា​រសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

សាលារៀន​ដែលត្រូវបាន​ប្រែក្លាយទៅជា​ទីអាស្រ័យរបស់​ជនភៀសខ្លួនខាង​លើនេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ​ភាគខាង​លិច​នៃទីក្រុង Raqa ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS។ ប្រធានក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅស៊ីរី​​​លោក Rami Abdel Rahman បាន​ថ្លែងថា «ឥឡូវនេះយើង​អាចបញ្ជាក់​អះអាងបាន​ថា​​មនុស្សចំនួន ៣០​នាក់បានស្លាប់ ហើយពួកគេ​​ទាំង​អស់​សុទ្ធ​តែ​ជា​ជន​ភៀស​ខ្លួន​​មកពី​​ទីក្រុង Raqa, Aleppo, និង Homs»។ លោក Rahman បានប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា ភ្នាក់ងារ​ជួយសង្រ្គោះ​​នៅតែ​កំពុងបន្ត​​ទាញ​យកសាកសព​ជនរងគ្រោះ​ចេញពីគំនរ​បាក់បែក​នៅឡើយទេ ខណៈមាន​មនុស្ស​តែពីរនាក់គត់​ត្រូវគេទាញ​ចេញយក​មក​ក្រៅដោយនៅ​រស់រាន​មានជីវិត។

គួរបញ្ជាក់ថា​មនុស្សមិន​ក្រោម​ ៣២០,០០០នាក់ឡើយ​បានស្លាប់ និងរាប់​លាននាក់ផ្សេង​ទៀតបានបាត់​បង់ទីជម្រក ចាប់​តាំង​ពី​​ជម្លោះ​នៅ​ក្នុង​ប្រទេសស៊ីរី​បានផ្ទុះឡើង​កាលពី​ខែមីនា ឆ្នាំ២០១១ ជាមួយ​ក្រុមឧទ្ទាមប្រឆាំង​មេដឹកនាំ​លោក បាហ្សា អាល់ អាស្សាដ រហូតដល់ប្រទេស​ស៊ីរីក្លាយជាទីជម្រករបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ថែមទៀត៕