(សេអ៊ូល)៖ បុរសកូរ៉េខាងជើងម្នាក់ស្ថិតនៅក្នុងចំណោមជនសង្ស័យ ទាក់ទិននឹងករណីឃាតកម្មលើលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ឈ្មោះ Ri Ji-hyon គឺជាកូនប្រុសរបស់អតីតអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសវៀតណាម លោក  Ri Hong ។ នេះបើតាមប៉ូលិសម៉ាឡេស៊ី និងប្រភពការទូតជាច្រើនដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

លោក Ri Hong ធ្លាប់កាន់តំណែង​ជា​អគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំទីក្រុង​ហាណូយ ពីខែធ្នូ ឆ្នាំ១៩៨៨ ដល់ខែមេសា ឆ្នាំ១៩៩៣ និងពីខែកញ្ញា ឆ្នាំ១៩៩៨ ដល់ខែធ្នូ ឆ្នាំ២០០២។ ដោយឡែកបើនិយាយពី​កូនប្រុសលោក​ឈ្មោះ Ri Ji-hyon ធ្លាប់បានរស់​នៅក្នុង​ប្រទេស​វៀតណាមរយៈពេល​ ១០ឆ្នាំ និងបាន​ធ្វើការ នៅស្ថានទូត​កូរ៉េខាងជើង​ក្នុងទីក្រុង​ហាណូយ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩ សម្រាប់រយៈពេល​មួយឆ្នាំបីខែ ក្នុងនាមជាមន្រី្តទូតហាត់ការ។

លោក Ri Ji-hyon និង លោក Ri Jae-nam មកពីក្រសួងការសន្តិសុខជាតិ​កូរ៉េខាងជើង ត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធ​នឹងករណីមនុស្សឃាត​លើលោក គីម ជុងណាំ បងប្រុស​ម្ដាយទីទៃរបស់​លោក គីម ជុងអ៊ុន។ ជាងនេះទៅទៀត លោក Ri Ji-hyon ត្រូវគេជឿជាក់ថា​បានផ្ដល់លុយកាក់​ដល់ស្រ្តីជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ Doan Thi Huong ដែលត្រូវ​បានប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​ជាមួយស្ត្រី​ឥណ្ឌូណេស៊ី នាង Siti Aisyah។

គួរបញ្ជាក់ថា​បើតាមប្រភព​ជាច្រើន លោក Ri Ji-hyon និងលោក Ri Jae-nam រួមទាំង​មន្ត្រីទូត​កូរ៉េខាងជើង​ម្នាក់ទៀត ប្រចាំប្រទេស​ឥណ្ឌូណេស៊ី ឈ្មោះ O Jong-gil ក៏ជាប់សង្ស័យ​ផងដែរថា​បាន​បញ្ចុះបញ្ចូល និងបណ្ដុះ​បណ្ដាល​នាង Doan Thi Huong និង​នាង Siti Aisyah នៅលើទឹកដី​កម្ពុជាមុននឹងធ្វើសកម្មភាពសម្លាប់​លោក គីម​ ជុងណាំ នៅទីក្រុង​គូឡាឡាំពួ៕