(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​មួយក្រុម​ ដែលកំពុង​ព្យាយាម​ធ្វើការប្រែក្លាយភ្លុយតូ (Pluto) ទៅជាភព​ពេញសិទ្ធិឡើងវិញ​នោះ បានចាប់​ផ្តើម​​យុទ្ធ​​នា​ការ​មួយនៅថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅរដ្ឋធានី​វ៉ាស៊ីនតោន) ដើម្បីពង្រីក​វិសាលភាព​នៃការចាត់ថ្នាក់​របស់​ភព ដែល​បាន​​បណ្តាល​​​ឲ្យ Pluto ធ្លាក់ថ្នាក់​ទៅជា «ភពមិនពេញលក្ខណៈ ឬកូនភព (Dwarf Planet)» កាលពីជាង​១០ឆ្នាំមុន។ នេះបើ​តាមការ​ចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនា​ព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្រ្តចំនួន ០៦រូបមកពី​គ្រប់ស្ថាប័នទូទាំង​សហរដ្ឋអាមេរិក បានលើក​ឡើងយ៉ាង​ទទូចថា​ ភ្លុយតូ​សាកសម​នឹងទទួល​នាមថា ​«ភពពេញ​លក្ខណៈមួយ» រួមជាមួយ​វត្ថុអវកាស​ប្រមាណ ១១០ ផ្សេងទៀត​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង ដែលមាន​ទាំងព្រះច័ន្ទ​របស់ភពផែនដី​ផងដែរ។ នៅក្នុងសំណើ​ដែលត្រូវបានដាក់​បង្ហាញក្នុង​សន្និសីទ ស្តីពី​វិទ្យាសាស្រ្តភព​អន្តរជាតិ​នៅ​រដ្ឋ​តិច​សាស់ ក្រុមអ្នក​​វិទ្យាសាស្រ្ត​ទាំង​ ០៦នាក់បាន​បកស្រាយថា​ រូបសណ្ឋាន​ភូមិសាស្រ្ត ដូចជា​លក្ខណៈនៃ​រូបរាង​ និងស្រទាប់ផ្ទៃ គួរតែជា​កត្តាសម្រាប់​កំណត់​​​​ទៅលើភព។

គួរបញ្ជាក់ថា​កាលពីឆ្នាំ២០០៦ សហភាព​តារាសាស្រ្ត​អន្តរជាតិ ដែលមាន​ភាពលំបាក​ក្នុងការចាត់ថ្នាក់​វត្ថុអវកាស​​រក​ឃើញ​ថ្មី​​​នៅទីឆ្ងាយៗ ​​និងស្រដៀង​ភព​ភ្លុយតូនោះ ក៏បានសម្រេច​បង្កើតនិយមន័យ​​មួយសម្រាប់​ភពដោយផ្អែក​ទៅលើលក្ខណៈ​ចំនួនបី​រួមមាន ភព​ត្រូវ​មាន​រាង​មូល, ភពត្រូវវិល​​ជុំវិញ​ព្រះអាទិត្យ, ហើយភពត្រូវមានលទ្ធភាព​​បោសសម្អាត​​វត្ថុ​ដទៃ​ផ្សេងៗ​​ទៀត នៅជុំវិញគន្លងគោចររបស់វា។ ដោយឡែក​​ភ្លុយ​តូ​​​ត្រូវ​​តែ​​ពីរ​លក្ខណៈ​​ដំបូង​​ប៉ុណ្ណោះ ដូច្នេះហើយ​ក៏ត្រូវបាន​ប្តូរមកជា «ភពមិនពេញ​លក្ខណៈវិញ»៕