(អាហ្វហ្គានីស្ថាន)៖ ក្រុម​សកម្មប្រយុទ្ធ​ដែលជាបណ្តាញ​របស់ក្រុម​រដ្ឋអ៊ីស្លាម ISIS ចំនួន ២៦នាក់​បានស្លាប់​ដោយសារតែ​ការទម្លាក់​គ្រាប់បែកពីសំណាក់យន្តហោះដ្រូន ស្ថិតភាគ​ខាងកើត​ខេត្ត Nangarhar នៃប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ ដកស្រង់​សម្តីពីមន្ត្រី​ប៉ូលិស​អាហ្វហ្គានីស្ថាន​នៅមុននេះ​បន្តិច នារសៀល​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

យោងតាម​មន្ត្រីប៉ូលិសដែល​មានឈ្មោះ Hazrat Hussain ខាងលើនេះ​បានឲ្យដឹង​ទៀតថា ក្រុមសកម្ម​ប្រយុទ្ធចំនួន ២៤នាក់បាន​ស្លាប់នៅ​ក្នុងស្រុក Achin និង០២នាក់ទៀត​ស្លាប់នៅក្នុង​ស្រុក Nazian ដែលស្ថិតនៅ​ក្នុងខេត្ត Nangarhar ដូចគ្នា។ យន្តហោះ​គ្មានមនុស្ស​បើក (ដ្រូន) របស់​សហរដ្ឋអាមេរិក​ដែលតែងតែ​ធ្វើប្រតិបត្តិការ​នៅប្រទេស​អាហ្វហ្គានីស្ថាន​នោះ ជារឿយៗបានវាយប្រហារ​សំបុកនៃ​ក្រុមសកម្ម​ប្រយុទ្ធនៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន ដែលជាជម្រុក​នៃក្រុមសកម្មប្រយុទ្ធ​ជាច្រើនបក្សផ្សេងៗ។

គួរបញ្ជាក់ថា​សម្រាប់ខេត្ត Nangarhar ជាប់នឹង​ខេត្ត Jalalabad ដែលមាន​ចម្ងាយ ១២០គីឡូម៉ែត្រ​ភាគខាងកើត​រដ្ឋធានីកាប៊ុល​នោះ គឺជាទីជម្រក និងតំបន់ចល័ត​យ៉ាងសកម្មនៃ​បណ្តាញក្រុម ISIS ប៉ុន្តែសម្រាប់​ការវាយប្រហារ​លើកនេះ គេពុំទាន់ឃើញមាន​ក្រុមសកម្មប្រយុទ្ធណាមួយ​​ចេញមុខ​ឆ្លើយតប ឬក៏អះអាង​ព័ត៌មានពិតពាក់ព័ន្ធ​នឹងការទម្លាក់គ្រាប់បែកដោយយន្តហោះដ្រូន នៅដើម​សប្តាហ៍នេះ​ឡើយ៕