(តូក្យូ)៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានព្រមព្រៀងគ្នា​ក្នុងការពង្រីក​កិច្ចសហប្រតិបត្តិការក្នុងវិស័យ​ថាមពល​នុយក្លែអ៊ែរ រវាងប្រទេស​ទាំងពីរ ហើយដែល​ការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុង​ឱកាសនៃការ​បំពេញទស្សនកិច្ច​ក្នុងតំបន់​អឺរ៉ុបរបស់ លោក អាបេ កាលពីថ្ងៃចន្ទដែលមានការលើកឡើងនូវបញ្ហាជាច្រើន ក្នុងនោះ​ក៏មានបញ្ហា​កូរ៉េខាងជើង​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន NHK នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នាក្នុង​ទីក្រុង​ប៉ារីស លោក អាបេ និងលោក ហូឡង់ ក៏បាន​ឯកភាពគ្នា​ក្នុងការធ្វើ​ការងារ​យ៉ាងជិតស្និទ្ធ ដើម្បីរក្សា​សណ្ដាប់ធ្នាប់ពីតំបន់​មហាសមុទ្រ​ឥណ្ឌា រហូតដល់តំបន់​ប៉ាស៊ីហ្វិក ក្នុងនោះ​រួមមានទំាងគំរោង​ចូលរួមធ្វើសមយុទ្ធយោធា​ជាមួយ​សហរដ្ឋអាមេរិក បង្ហាញសាច់​ដុំដាក់​ទីក្រុងប៉េកាំងថែមទៀតផង។

គួរបញ្ជាក់ថា​កាលពីថ្ងៃចន្ទ លោក ស៊ីនហ្សូ អាបេ ក៏បានជួប​ពិភាក្សា​ការងារ​រយៈពេលមួយ​ម៉ោង​ជាមួយអធិការបតី​អាល្លឺម៉ង លោកស្រី អេនជែឡា មឺគែល ផងដែរ ដោយក្នុង​នោះអ្នកទំាងពីរ​សន្យាថា​នឹងធើ្វការងារ​រួមគ្នា​ជាមួយនឹង​ទីក្រុង​វ៉ាស៊ីនតោន សំដៅលើក​កម្ពស់ពាណិជ្ជកម្ម​សេរី ស្របពេល​កំពុងមានការ ព្រួយបារម្ភ​កាន់តែច្រើនឡើងជុំវិញ​គោលនយោបាយ​គំាពារនិយម៕