(ម៉ូស្គូ)៖ ស្របពេល​ដែលភាពតាន​តឹងរវាង​សហរដ្ឋអាមេរិក​ និងកូរ៉េខាងជើង​នៅតែបន្ត​កើនឡើង​យ៉ាង​ក្តៅគគុក ប្រមុខដឹកនាំ​កំពូល​ផុតលេខ​​នៃរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​បានព្រមាន​ធ្ងន់ៗថា​ នឹងកម្ទេច​អាមេរិកឲ្យក្លាយ​ទៅជាផេះ​តែម្តង ប្រសិនណា​គ្រាប់កាំភ្លើង​សូម្បីតែ​មួយត្រូវ​បាញ់ចេញពី​មហាអំណាច​ពិភពលោកមួយនេះ​មកលើប្រទេស​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មានរុស្ស៊ី Sputnik នៅ​មុន​នេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

បន្ទាប់ពី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកបាន​លើកឡើង អំពីជម្រើស​នៃការប្រើប្រាស់​កងកម្លាំង​យោធា ដើម្បី​ទប់ទល់​ជាមួយ​ទីក្រុង​ព្យុងយ៉ាង រដ្ឋាភិបាល​កូរ៉េខាងជើង​បានចេញសេចក្តី​ថ្លែងការណ៍​យ៉ាងដូច្នេះ​ថា «យោធា​កូរ៉េខាងជើង​នឹងកម្ទេចមូលដ្ឋាន​នៃការឈ្លានពាន​ និងបង្ក​រឿង​​​ទាំងអស់​ឲ្យក្លាយទៅ​ជាផេះ ជាមួយ​គ្រាប់​មីស៊ីល Hwasong ដែលមាន​សមត្ថភាព​បំពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរ ហើយនឹង​ប្តេជ្ញាការពារ​សន្តិសុខ​ក៏ដូចជា​សេចក្តីសុខ​នៃប្រជាជន​របស់ខ្លួន​យ៉ាងមុះមុត នៅក្នុងករណី​ដែលកងទ័ព​អាមេរិក​ និងអាយ៉ង​កូរ៉េខាងត្បូង​ហ៊ានបាញ់​​សូម្បី​តែ​គ្រាប់កាំភ្លើង​មួយគ្រាប់​ចូលមកក្នុងទឹកដី​របស់ប្រទេស​កូរ៉េខាងជើង»

គួរបញ្ជាក់ថា​នៅពេលដែលត្រូវ​បានចោទ​សួរអំពីការឆ្លើយ​តប​របស់ទីក្រុង​វ៉ាស៊ីនតោន ចំពោះសកម្មភាព​បង្ករឿងរបស់​កូរ៉េខាងជើង​​នៅក្នុង​អំឡុងជំនួប​ពិភាក្សាមួយនៅ​ឯទីក្រុងតូក្យូ​កាលពីសប្តាហ៍​មុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson បានបញ្ជាក់ច្បាស់ៗ​ថា​​ ការ​ប្រើប្រាស់​កម្លាំងយោធា​គឺជាជម្រើស​មួយដែលមាន​ស្រាប់ និងបានសង្កត់ធ្ងន់​ថា​ គោលនយោបាយ​យុទ្ធសាស្រ្ត​បែបអត់ធ្មត់​ជាមួយទីក្រុង​​ព្យុងយ៉ាងត្រូវ​បានបញ្ចប់​ហើយ៕