(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន មានគំរោង​លើក​ថ្ងៃប្រជុំថ្នាក់​​រដ្ឋមន្ត្រី​ការបរទេស​​នៃអង្គការ​ណាតូ (NATO) ដែលគ្រោង​នឹង​ប្រព្រឹត្ត ទៅពី​ថ្ងៃទី០៥​ ដល់ថ្ងៃទី០៦​ ខែមេសា​ខាង​មុខ​នេះ ដើម្បីត្រៀម​ទទួលស្វាគមន៍​ការបំពេញ​ទស្សនកិច្ច​មកកាន់​សហរដ្ឋអាមេរិក របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ខណៈលោក ធីល្លឺសុន ត្រូវគេរំពឹង​ថា​នឹងធ្វើដំណើរ​ទៅកាន់ប្រទេស​រុស្ស៊ី​ក្នុងខែ​ដដែល ដែលនេះ​អាចជាក្ដីកង្វល់​មួយសម្រាប់​បណ្ដាប្រទេស​ជាសមាជិកណាតូដទៃៗទៀត។ នេះបើតាម​ក្រុមមន្ត្រី​អាមេរិក ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹក​ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានបង្ហើបនៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណថា លោក ធីល្លឺសុន មានគំរោង​លើកថ្ងៃប្រជុំ​ជាលើក​ដំបូង​ក្នុងនាម​ជារដ្ឋមន្ត្រី​ការបរទេស​អាមេរិក នៅឯទីក្រុង​ព្រុចសែល ជាមួយ​សមាជិក​ណាតូ​ទំាង២៨ ដើម្បី​ត្រៀម​រៀបចំ​ជំនួបរំពឹង​ទុក​រវាងលោក ដូណាល់ ត្រាំ និង​លោក ស៊ី ជិន ពីង ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា នៅរមណីយដ្ឋាន Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida។ មួយវិញ​ទៀត​បើសិនព័ត៌មាននេះ​ជាការ​ពិតមែន នោះ វាអាច​នឹង​ក្លាយជាក្ដី​កង្វល់មួយដ៏ធំ​សម្រាប់សមាជិក​ណាតូដទៃ ខណៈពួកគេ​កំពុងព្រួយបារម្ភ​ស្រាប់ ជុំវិញ​ភាពមិន​ច្បាស់លាស់​នៃគោល​នយោបាយអាមេរិក​ចំពោះរុស្ស៊ី ក៏ដូចជា​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​ទីក្រុងមូស្គូ​ជាដើម។  

ទោះបីយ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក ម៉ាក ថូននឺ (Mark Toner) មិនបានធ្វើ​ការ​អត្ថាធិប្បាយ​អ្វីនោះទេថា តើលោក ធីល្លឺសុន នឹងលើក​ពេលប្រជុំ​ណាតូ ឬក៏បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុងមូស្គូ ឬក៏យ៉ាង​ណា។ តែក្រុមមន្ត្រី​ខាងលើ​ដដែលបាននិយាយថា លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិករូបនេះ គ្រោងនឹង​បំពេញទស្សនកិច្ច​ទៅរុស្ស៊ី​នៅថ្ងៃទី១២ ខែមេសា៕