(ហាណូយ)៖​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យ​កូរ៉េខាងត្បូង គាំទ្រគោលជំហរ​របស់ខ្លួន​លើសំណុំរឿង​សមុទ្រចិន​ខាងត្បូង នៅអំឡុង​ជំនួបជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោក Yun Byung-se ក្នុងទីក្រុង​ហាណូយកាលពី​ថ្ងៃចន្ទ ខណៈទីក្រុងសេអ៊ូល​ត្រូវបាន​គ្រប់គ្នាមើលឃើញថា កំពុងមានបញ្ហាជាមួយចិនរឿងបំពាក់ប្រព័ន្ធ THAAD ស្រាប់ទៅហើយនោះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។

វៀតណាមគឺ​ជាប្រទេសតែ​មួយគត់ ដែលកំពុងតតាំង​ដោយបើកជំហរ​នឹងចិន ជុំវិញជម្លោះ​នៅសមុទ្រចិន​ខាងត្បូង ចាប់តាំង​ពី​រដ្ឋាភិបាលហ្វីលីពីនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បង្ហាញពីទំនោរ​ងាកទៅរក​ចិន។ យោងតាមសេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc បានស្នើ​ឱ្យកូរ៉េខាងត្បូង​បន្តគាំទ្រគោលជំហរ​វៀតណាម និងបណ្ដា​ប្រទេស​អាស៊ាន លើបញ្ហា​សមុទ្រចិន​ខាងត្បូង ក៏ដូចជាជួយ​ទីក្រុងហាណូយ លើកកម្ពស់ការ​អនុវត្ដន៍ច្បាប់​នៅដែនសមុទ្រ។

ទោះបីយ៉ាងណាក៏ដោយសេចក្ដីថ្លែងការណ៍នេះ​មិនបាន​បញ្ជាក់នោះ​ទេថា កូរ៉េខាងត្បូងគំាទ្រ​គោលជំហរ​របស់វៀតណាម​លើបញ្ហា​សមុទ្រចិនខាងត្បូង ឬក៏យ៉ាងណា ខណៈកូរ៉េខាងត្បូង​ខ្លួនឯងកំពុងមាន​ជាប់ដៃដោះស្រាយ​ភាពតានតឹង​ជាមួយទីក្រុង​ប៉េកាំង ដោយសារតែ​គំរោង ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD។

គួរបញ្ជាក់ថា​ចិនបានទាមទារ៩០ភាគរយ នៃដែន​អធិបតេយ្យភាព​នៅតំបន់សមុទ្រ​ចិនខាងត្បូង រីឯព្រុយណេ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងតៃវ៉ាន់ ក៏កំពុងទាមទារ​ចំណែករៀងៗខ្លួន​ក្នុងតំបន់ជម្លោះ​នេះដែរ ដែលមានទំហំពាណិជ្ជកម្ម​ឆ្លងកាត់ ៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ៕