(វ៉ាស៊ីនតោន)៖ ប្រមុខចារកម្មអាមេរិកពីររូប បានត្រៀមខ្លួនរួចហើយ ដើម្បីផ្ដល់សក្ខីកម្ម នៅចំពោះមុខសភាពអាមេរិក ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរុស្ស៊ី ព្រមទំាងការចោទប្រកាន់ថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បញ្ជាឱ្យគេលួចស្ដាប់លោកត្រាំ និយាយទូរស័ព្ទ នៅឯអាគារ Trump Tower ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃ​ចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

កាលពីខែមករាកន្លងទៅ ទីភ្នាក់ងារស៊ើបការអាមេរិក បាននិយាយថាក្រុម Hackers គាំទ្រដោយរុស្ស៊ី បាន Hack គណនីសារអេឡិចត្រូនិចឬ Email ជាច្រើន របស់មន្ត្រីគណបក្សប្រជាធិបតេយ្យ ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ផ្ដួលលោកស្រីហ៊ីលឡារី គ្លីនតុន អង្គុយតំណែងជាប្រធានាធិបតីអាមេរិក។ ជាងនេះទៅទៀត សូម្បីតែរបាយការណ៍ស៊ើបអង្កេតរបស់ CIA FBI និង ​NSA​ ក៏បានអះអាងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជ្រៀតជ្រែកចូលក្នុងកិច្ចការ បោះឆ្នោតអាមេរិក បើទោះជាទីក្រុងមូស្គូ និងលោកត្រាំ បានបដិសេធជាច្រើនលើកច្រើនដងក៏ដោយ។

ទោះបីជាយ៉ាងណា សំណុំរឿងនេះនឹងត្រូវបញ្ជាក់កាន់តែច្បាស់ តាមរយៈការបង្ហាញភស្ដុតាង នៅចំពោះមុខសភាអាមេរិក ដោយនាយក FBI លោក ជែម ខូមី និង ប្រមុខទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA លោក ម៉ាច រ៉ូជឺ (Mike Rogers) នៅអំឡុងសវនាការស្ដាប់​ នៃគណៈកម្មាធិការស៊ើបអង្កេតសភា ខណៈ លោកត្រាំ ផ្ទាល់បានហៅការស៊ើបអង្កេតនេះថា «ការប្រមាញ់មេធ្មប់»