(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ​បានចេញមុខ​ថ្កោលទោស សង្រ្គាមប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​សហរដ្ឋអាមេរិក​ថា គ្រាន់តែជាលេស​ដោះសារ​ដើម្បីចូល​ទៅជ្រៀតជ្រែក​ ក៏ដូចជាឈ្លានពាន​ដែនអធិបតេយ្យភាព​របស់ប្រទេស​ដទៃៗ​ទៀតប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាល្ងាចថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA បានលើក​ឡើងថា «សង្រ្គាមប្រយុទ្ធ​ប្រឆាំងភេរវកម្ម​របស់អាមេរិក​ គឺជាការគាំទ្រអំពើភេរវកម្ម​ទៅ​វិញទេ និងជា​សង្រ្គាមបែប​ជំនាន់ថ្មីមួយ​នៃការឈ្លានពាន​ប្រឆាំង​នឹង​ប្រទេសទាំង​ឡាយណា​ ដែលជំទាស់​ជាមួយ​សហរដ្ឋអាមេរិក ដោយសារ​​តែ​​បាន​ដឹង​​ច្បាស់​​អំពី​​មហិច្ឆតា​របស់​ពួកចក្រព័ទ្ធ​នេះក្នុងការគ្រប់គ្រង​ពិភពលោក»។ KCNA បានបន្ថែមថា «សហរដ្ឋអាមេរិក​បាន​រំលោភ​បំពានដោយចេតនាទៅលើដែនអធិបតេយ្យភាព ព្រមទាំងបូរណភាព​ទឹកដី​នៃប្រទេសផ្សេងៗ​ទាំងពួង ស្របពេល​ដែលខ្លូនបាន​ និងកំពុង​ពង្រីក​សង្គ្រាម​ប្រឆាំងអំពើ​ភេរវកម្ម​នៅទូទាំង​សកលលោក»

ជាចុងក្រោយ​ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​បានបន្តថា «យុទ្ធសាស្រ្ត និងវត្ថុបំណង​នៃសង្រ្គាម​ប្រឆាំងអំពើ​ភេរវកម្ម​​របស់​​អាមេរិក គឺដើម្បី​បង្វឹកក្រុមភេរវករ​ និងបន្សាយ​អំពើភេរវកម្ម​នៅគ្រប់​ទិសទី ហើយប្រើប្រាស់​យោធា​ដើម្បីចូលលូក​ដៃ​ក្នុងដែន​អធិ​ប​តេយ្យភាព​នៃប្រទេសដទៃ នៅក្រោមស្លាក​សញ្ញាថា​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម»៕