(ម៉ូស៊ូល)៖ កងកម្លាំងយោធា​របស់រដ្ឋាភិបាលអ៊ីរ៉ាក់​ ដែលកំពុងធ្វើការប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុមសកម្ម​ប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS បានដណ្តើមកាន់​កាប់តំបន់ជា​ច្រើនកន្លែង​​បន្ថែមទៀត​ ស្ថិតនៅភាគខាងលិចទីក្រុង​ម៉ូស៊ូល ស្របពេល​ដែល​កងយន្តហោះ​ចម្បាំង​អន្តរជាតិ​ ដែលជួយគាំទ្រ​ដល់ប្រតិបត្តិការ​យោធា​ទ្រង់​ទ្រាយធំ​នេះ បានបើក​ការវាយប្រហារ​តាមផ្លូវអាកាស​សម្លាប់មេដឹកនាំ​ជាន់ខ្ពស់ ISIS ចំនួន​ ០៦នាក់ នៅក្នុង​ទីក្រុង​ម៉ូស៊ូល។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

​កាលពី​ថ្ងៃទី១៩ ខែកុម្ភៈកន្លង​ទៅនេះ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក Haider al-Abadi ដែលជា​មេបញ្ជាការ​កំពូល​នៃ​កង​​កម្លាំង​យោធា​​អ៊ីរ៉ាក់​​ផង​ដែរ​​នោះ បាន​ប្រកាស​អំពី​ការចាប់​ផ្តើម​នៃប្រតិបត្តិការ​ដើម្បីវាយ​បណ្តេញ​ក្រុមសកម្ម​ប្រយុទ្ធ ISIS ចេញពី​តំបន់ភាគខាងលិច​នៃទីក្រុង​ម៉ូស៊ូល​។ ដោយឡែក​កាលពីចុង​ខែមករា ឆ្នាំ២០១៧លោក Abadi បានប្រកាស​អំពីការរំដោះ​យកបាន​តំបន់ភាគខាងកើត​ នៃទីក្រុង​ម៉ូស៊ូល បន្ទាប់ពី​​​ការប្រយុទ្ធគ្នា​យ៉ាងស្វិតស្វាញ​ប្រឆាំង​នឹងក្រុម ISIS អស់រយៈពេល​មិនតិចជាង​ ១០០ថ្ងៃ នោះឡើយ។ យ៉ាងណា​មិញ​តំបន់ភាគ​ខាងលិច​នៃ​ទីក្រុង​ដ៏ធំជាងគេ​ទីពីររបស់​ប្រទេស​អ៊ីរ៉ាក់​នេះ ជាមួយ​នឹងផ្លូវតូចៗ​ និងចំនួន​ប្រជាជន​ចន្លោះ​ពី ៧៥០,០០០នាក់ទៅ​៨០០,០០០នាក់ ទំនងជាបញ្ហា​ប្រឈមដ៏​ធំសម្បើមមួយ​សម្រាប់កងកម្លាំង​របស់រដ្ឋាភិបាល​អ៊ីរ៉ាក់។

គួរបញ្ជាក់ថា​ទីក្រុងម៉ូស៊ូល ដែលស្ថិត​នៅចម្ងាយ ៤០០គីឡូម៉ែត្រពីភាគខាងជើង​នៃរដ្ឋធានី​បាកដាដ បានបន្ត​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រុម ISIS ចាប់តាំង​តែពី​ខែមិថុនា ឆ្នាំ២០១៤មក នៅពេល​កងទ័ពរដ្ឋាភិបាល​បានទម្លាក់​អាវុធចោល​ ហើយរត់ភៀស​ខ្លួនចេញពី​ទីនោះ ដែល​បាន​អនុញ្ញាត​ឲ្យក្រុមសកម្ម​ប្រយុទ្ធនេះ​កាន់កាប់តំបន់​ភាគខាងជើង​ និងខាងលិច​នៃប្រទេសអ៊ីរ៉ាក់តែម្តង៕​​