(ប៉េកាំង)៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានប្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ថា​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ សង្ឃឹមថា​អាចនឹង​មានទំនាក់ទំនង​ល្អ និងការយល់​ពីគ្នាទៅវិញ​ទៅមក​ជាមួយចិន ព្រម​ទាំង​​មាន​ឱកាស​​ក្នុង​ការ​រៀប​ចំ​​ជំនួប​ទ្វេ​ភាគី​​មួយ​នៅ​ពេលអនាគត។ ទន្ទឹមគ្នា​នោះដែរ​ប្រធានាធិបតីចិន​ក៏បាននិយាយ​ដែរថា សហរដ្ឋអាមេរិក និងចិន​អាចនឹងក្លាយ​ជាដៃគូ​ដ៏ល្អ។ នេះបើ​តាម​ការ​ដកស្រង់ការ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

ការថ្លែងបែប​នេះ​របស់លោក ធីល្លឺសុន ធ្វើឡើងនៅ​ក្នុងជំនួប​រយៈពេល​ជាង​២០នាទី​ជាមួយ​លោក ស៊ី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅ​ឯមហាវិមាន​​ប្រជាជនចិនក្នុង​ទីក្រុង​ប៉េកាំង នាឱកាស​បញ្ចប់ដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​របស់លោក មកកាន់​ប្រទេសចិនចាប់​តាំងពី​បានឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​កាលពី​ខែមុនមក។

ដោយឡែកនៅក្នុង​ជំនួបនោះដែរ ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង បាន​បញ្ជាក់​​ថា​លោកពិត​ជារីករាយ​ដែលបាន​ឃើញដំណើរការ​យ៉ាងល្អ​នៃទស្សនកិច្ច និងការប្រជុំ​របស់លោក ធីល្លឺសុន នៅចិន​ហើយ​ថា​​លោក និងលោក ត្រាំ សង្ឃឹមថា​អាចនឹង​ឈានដល់ដំណាក់កាលថ្មី​មួយ នៃការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ប្រកប​ដោយ​លក្ខណៈ​​ស្ថាបនា​​រវាងប្រទេស​ទំាងពីរ។ «អ្នក (លោក ធីលឺសុន) និយាយថា សហរដ្ឋអាមេរិក និងចិន​អាចនឹងក្លាយ​ជាដៃគូ​ដ៏ល្អហើយ​ខ្ញុំ​ពិត​ជា​គាំទ្រ​ចំពោះ​​គំនិតនេះ (...) ផ្អែកលើ​ផលប្រយោជន៍​រួមគ្នា និងការធ្វើកិច្ច​សហប្រតិបត្តិការជាគឺជាជំរើសដ៏ល្អបំផុត»។ នេះបើតាមសម្តី លោក ស៊ី ជិនពីង។

គួរបញ្ជាក់ថានេះគ្រាន់តែអាចជាសម្ដីនៅលើឆាកតែ​ប៉ុណ្ណោះ ហើយ​ចំណែកឯនៅខាងក្រៅ​ឆាកវិញ ទីក្រុងវ៉ាស៊ីន​តោន​​ និង​​ទីក្រុង​ប៉េកាំង​កំពុង​មាន​ការខ្វែងគំនិត​លើបញ្ហាធំៗ​ជាច្រើន​ដូចជា​សំណុំ​រឿង​សមុទ្រចិនខាងត្បូង កូរ៉េខាងជើង​ ជាពិសេសនោះ​​គឺ​គំរោង​​ដាក់​​​ពង្រាយ​​ប្រព័ន្ធ​​ខែល​ការពារ មីស៊ីល THAAD នៅលើ​ទឹកដី​កូរ៉េខាងត្បូង​តែម្ដង ដែលចិន​បានសម្ដែង​ការជំទាស់​ជាដាច់ខាត ខណៈ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានចាប់ផ្ដើម​ដំណើរការ​នីតិវីធី​តម្លើង THAAD ជាបណ្ដើរៗ​ហើយ​ដើម្បីទប់ទល់​នឹង​ការ​វាយប្រហារ​​ពី​មីស៊ីល​​កូរ៉េខាងជើង ជាយថាហេតុ​ណាមួយ៕