(វ៉ាស៊ីនតោន)៖ ការប្រើប្រាស់​កម្លាំងយោធា​ប្រឆាំង​កូរ៉េខាងជើង មិនថាជា​លក្ខណៈទ្រង់ទ្រាយ​តូច​ ឬធំនោះទេ វាអាចនឹង​បង្កជាហានិភ័យ​នឹកស្មានមិន ដែលនាំ​ទៅរកសង្រ្គាម​ដ៏ធំមួយ (សង្រ្គាមលោក​លើកទី៣) ដែលអាច​នឹងផ្ដាច់យកអាយុ​ជីវិតរាប់​លាននាក់​ ពិសេសប្រជាជន​កូរ៉េខាងជើង កូរ៉េខាងត្បូង​ និងជប៉ុន ព្រោះថា​ការធ្វើសង្រ្គាម​ជា​មួយកូរ៉េខាងជើង​ គឺជាការធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ។ នេះបើតាមកាសែត New York Times ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន ​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ​ ទី២០ ខែមីនា ឆ្នាំ២០១៧។

គំនិតប្រើប្រាស់កម្លំាងយោធាវាយប្រហារសង្រ្គប់​លើទីក្រុង​ព្យុងយ៉ាង បានកើតឡើងសាជាថ្មីបន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក រិច ធីល្លឺសុន បាននិយាយ​នៅ​ក្នុងឱកាស​បំពេញ​ដំណើរ​ទស្សនកិច្ច​​នៅ​កូរ៉េខាងត្បូង​ កាលពី​សប្ដាហ៍​មុនថា ជំរើស​ទាំងអស់ ក្នុងនោះ​រួមមាន​ទំាងជំរើស​ប្រើ​កម្លាំង​យោធា​មានលើ​តុ​រួច​ជាស្រេច​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង។ ដោយឡែក​ជុំវិញការ​លើកឡើង​នេះដែរ New York Times បាន​បញ្ជាក់ថា ជំរើស​យោធាដែល អាចនឹង​ប្រើប្រាស់​វាយប្រហារ​ទៅលើ​កូរ៉េខាងជើងមាន​៣ជំរើស នោះគឺការ​វាយប្រហារ​បំផ្លាញ​ការបាញ់​មីស៊ីល, ការវាយប្រហារ​កម្ទេចឃ្លំាង​អាវុធ​នុយក្លេអ៊ែរ និង មីស៊ីល​របស់​កូរ៉េខាងជើង,​ និងការវាយប្រហារ​​កម្ទេចរដ្ឋាភិបាល​​ទីក្រុងព្យុងយ៉ាង​ចោលតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយ​វាមានភាគរយ​តិចណាស់ថា សហរដ្ឋអាមេរិក អាចនឹង​ជ្រើសរើស​យកការ​ប្រើប្រាស់​​កម្លាំងយោធា​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាង ត្បិតទីក្រុង​វ៉ាស៊ីតោន​ដឹងយ៉ាង​ច្បាស់ថា រុស្ស៊ីជាពិសេស​គឺចិន នឹងមិនអាចឈរ​អោបដៃ​មើលឡើយ ពោលគឺ​បើសិន​សហរដ្ឋអាមេរិកចង់ធ្វើ​សង្រ្គាម​ជាមួយ​កូរ៉េខាងជើង ត្រូវរំលង​ទីក្រុងប៉េកាំង​ជាមុនសិន ដូចមាន​ជាឧទាហរណ៍​ស្រាប់នៅ​ក្នុងសង្រ្គាម​កូរ៉េ (ឆ្នាំ១៩៥០-​១៩៥៣)៕​