(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងជើងបានដឹកនាំការសាកល្បងម៉ូទ័រ នៃគ្រាប់រ៉ុក្កែតដ៏មានឥទ្ធិពលថ្មីមួយ នៅឯស្ថានីយ​បាញ់បង្ហាះគ្រាប់រ៉ុក្កែត Tongchang-ri ហើយមេដឹកនាំប្រទេសកុម្មុយនីស្ដឯកោមួយ លោក គីម ជុងអ៊ុន បានប្រកាសថា ជោគជ័យនៃការសាកល្បងនេះ គឺជា កំណើតថ្មីនៃឧស្សាហកម្មគ្រាប់រ៉ុក្កែតរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧។

យោងតាម KCNA ការសាកល្បងម៉ូទ័រនៃគ្រាប់រ៉ុក្កែតនេះ នឹងជួយឱ្យកូរ៉េខាងជើង ឈានដល់បាញ់បង្ហោះផ្កាយរណប​លំដាប់ថ្នាក់អន្តរជាតិ ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពមីស៊ីលរយៈចំងាយឆ្ងាយ។ «នៅក្នុង​ឱកាសចូលរួមបញ្ជាការធ្វើតេស្ដ​ដោយផ្ទាល់ គាត់ (លោក គីម ជុងអ៊ុន) បានកត់សម្គាល់ថា ជោគជ័យនៃការសាកល្បងម៉ូទ័រនៃគ្រាប់រ៉ុក្កែតនេះ គឺជាជោគជ័យ​ជាប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ត្បិតវាជាការចាប់កំណើតថ្មីមួយ សម្រាប់ឧស្សាហកម្មគ្រាប់រ៉ុក្កែតកូរ៉េខាងជើង ហើយពិភពលោក​នឹងចូលរួមធ្វើសាក្សីនៃភាពជោគជ័យដ៏សម្បើមនេះ ក្នុងពេលដ៏ខ្លីខាងមុខ»។ នេះបើតាមសារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA។

គួរបញ្ជាក់ថា ការប្រកាសពីការសាកល្បងម៉ូទ័រគ្រាប់រ៉ុក្កែតនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​អាមេរិកលោក រិច ធីល្លឺសុន គំរាមប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកូរ៉េខាងជើង។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅ​ក្នុងជំនួបជាមួយសមភាគីចិន កាលពីថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកំាង នឹងធ្វើការងារជាមួយគ្នាដើម្បីឱ្យកូរ៉េខាងជើង បោះ​បង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៕