(ប៉ារីស)៖ ប៉ូលិសបារាំង​បានសម្រេចចិត្តបាញ់​សម្លាប់បុរស​ម្នាក់ ដែលបានព្យាយាម​ដណ្តើមកាំភ្លើង​ពីមន្ត្រី​យោធា និងត្រូវបាន​គេសង្ស័យថា​មានពាក់ខ្សែក្រវ៉ាត់​បង្កប់គ្រាប់បែក​នៅជាប់ខ្លួនថែមទៀត នៅព្រលាន​យន្តហោះ Orly នៃទីក្រុងប៉ារីស។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅមុននេះបន្តិច​នាល្ងាច​ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

បច្ចុប្បន្ន​កងកម្លាំងជំនាញខាងពិនិត្យ​រកជាតិផ្ទុះរបស់​បារាំង កំពុងតែធ្វើ​ប្រតិបត្តិការ​ដើម្បីស្វែងរក​ថាតើ​បុរសដែល​បានស្លាប់ខាង​លើនេះ ពិតជាបាន​បំពាក់គ្រាប់បែក​ជាប់ខ្លួនមែនឬទេ ខណៈមិនទាន់​មានប្រភព​ណាមួយប​ញ្ជាក់ថា វាជាអំពើភេរវកម្ម​កើតឡើងជាថ្មី​នៅទីក្រុងប៉ារីស​នោះឡើយ។ ហេតុការណ៍​​ដែលបាន​កើតឡើងនៅ​អំឡុងម៉ោង ៨៖៣០នាទីព្រឹកម៉ោង​នៅប៉ារីស (ត្រូវនឹងម៉ោង ៣៖៣០នាទីម៉ោងនៅសិង្ហបុរី) ខាងលើនេះ បានបណ្តាល​ឲ្យអ្នកដំណើរ​ជាច្រើនភៀសខ្លួនចេញ​ទៅរកកន្លែងសុវត្ថិភាព ហើយដំណើរការ​ក្នុងព្រលាននោះត្រូវបានផ្អាក​ជាបណ្តោះអាសន្ន ដោយមិនទាន់​កំណត់ពេលបើក​ឡើងវិញ​នៅឡើយ៕