(សេអ៊ូល)៖ ព្រលានយន្តហោះ​​អន្តរជាតិ​​តែមួយគត់​របស់​ប្រទេស​​កូរ៉េខាងជើង ត្រូវបាន​ក្រុមវាយតម្លៃ​​​ស្តង់ដារ​ចាត់ចូល​ទៅក្នុងបញ្ជីឈ្មោះ​នៃអាកាសយានដ្ឋាន​លំដាប់អន់​មួយ នៅលើ​សកលលោក។ នេះបើតាម​ក្រុមអ្នកវាយតម្លៃ​មួយ​នៅចក្រភព​​អង់គ្លេស ដែលបានបញ្ចេញ​​របាយការណ៍​​ចុងក្រោយ​​នៅ​ក្នុងសប្តាហ៍​នេះ និងត្រូវបាន​​ដកស្រង់មក​ចុះផ្សាយ​ដោយ​យ៉ុនហាប់ នាព្រឹក​​ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

ក្រុមវាយ​តម្លៃឈ្មោះ Skytrax ខាងលើនេះ បានធ្វើការស្ទង់​មតិ​ពីអាកាសយានដ្ឋាន​ជាង ៥០០កន្លែងនៅ​ជុំវិញ​ពិភពលោក ហើយអាកាសយានដ្ឋាន​អន្តរជាតិ Sunan របស់កូរ៉េខាងជើង​​បានធ្លាក់ចេញពី​ប្រព័ន្ធស្តង់ដារ​​កំណត់នៃ​ឆ្នាំ២០១៧នេះ ដោយយោង​ទៅលើភាពមិនល្អ​គ្រប់គ្រាន់ផ្នែក អនាម័យ, សេវាកម្ម​បុគ្គលិក, ចំណីអាហារ និងផ្សារទំនើប​នានា​នៅក្នុង​ព្រលាន​នោះ​តែម្តង។

គួរបញ្ជាក់ថា​ព្រលានយន្តហោះ​អន្តរជាតិ Sunan របស់កូរ៉េខាងជើង​ ត្រូវបានរដ្ឋកុម្មុយនិស្ត​មួយនេះ​ធ្វើការ​ផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន​រដ្ឋជារឿយៗ​ថា ជាកន្លែងដែល​មានបំពាក់​បច្ចេកវិទ្យាខ្ពស់​ក្នុងប្រទេស ប៉ុន្តែ​បើ​តាមក្រុមជំនាញ​របស់ Skytrax ព្រលានយន្តហោះ​នេះមិនបានទាំងផ្តល់​ព័ត៌មានជាក់លាក់​ផងក្នុងវែបសាយ​របស់ខ្លួនពាក់ព័ន្ធប្រតិបត្តិការ​យន្តហោះ និងក្រុមហ៊ុនពាក់ព័ន្ធទាំងឡាយ​។

សម្រាប់ព្រលាន​យន្តហោះ​អន្តរជាតិ Incheon ដ៏ធំរបស់កូរ៉េខាងត្បូង​ត្រូវបាន Skytrax ចាត់ចូលក្នុង​លំដាប់ថ្នាក់​លេខ ៣ លើពិភពលោក និង Changi របស់សិង្ហបុរី​ឡើងពីលេខ ៥ មកកាន់លេខ ១តែម្តង​នៅក្នុង​ឆ្នាំ២០១៧នេះ៕