(អូតាវ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងប្រទេសកាណាដា​ផ្ទាល់​បានរាយការណ៍​ថា យន្តហោះ​ធុនតូច​ចំនួនពីរ​គ្រឿង​បានបុកគ្នា​លាន់សូរ​ដូចរន្ទះ​​នៅ​ក្នុង​ទីក្រុង Montreal ហើយបាន​បណ្តាលឲ្យ​មនុស្សម្នាក់​បាត់បង់​ជីវិតភ្លាមៗ និងបីនាក់ផ្សេង​ទៀតបាន​ទទួលរងរបួស​ជាទម្ងន់ ​នៅរសៀល​​​ថ្ងៃសុក្រសប្តាហ៍​នេះ (ពេលវេលានៅកាណាដា)។ នេះ​បើ​​តាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃ​សោរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ដដែលខាងលើ យន្តហោះទាំងពីរ​គ្រឿងបានហោះទៅបុកគ្នាយ៉ាង​ពេញទំហឹង នៅលើផ្សារ​ទំនើបមួយកន្លែ​ង​​នៅ​តំប​ន់ឆ្នេរភាគខាងត្បូង​នៃទីក្រុង Montreal ហើយយន្តហោះ​មួយគ្រឿងបាន​ធ្លាក់ទៅលើ ដំបូលកន្លែងស្តុកឥវ៉ាន់​នៃផ្សារទំនើប​នោះ និង​មួយគ្រឿង​ទៀតបានធ្លាក់​ក្នុងកន្លែង​ចតយានយន្ត។

គួរបញ្ជាក់ថា​ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​ដឹកជញ្ជូន​កាណាដា បានបញ្ជូន​ក្រុមអ្នក​ស៊ើបអង្កេត​ឲ្យទៅកាន់កន្លែង​កើតហេតុ​ហើយ និង​​ថែម​ទាំង​បានបញ្ជាក់ផងដែរ​ថា​ យន្តហោះ​ទាំងពីរគ្រឿង​ខាងលើមាន​ប្រភេទ Cessna 152 ជាកម្មសិទ្ធិ​របស់សាលារៀន​បង្រៀនបើក​បរ​​យន្ត​ហោះ Cargair ដែលមាន​ទីតាំងនៅ​ទីក្រុង Longueuil ក្បែរ​ទីក្រុង Montreal៕