(វ៉ាស៊ីនតោន)៖ ក្នុងជំនួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនអំពីការធ្វើពាណិជ្ជកម្ម បញ្ហាអន្តោប្រវេសន៍ និងអនាគតរបស់​អង្គការ NATO ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានទទួល​ស្វាគមន៍​អធិបការបតី​អាល្លឺម៉ង់ តាមរយៈការ​ចាប់ដៃគ្នា​ពិតមែន​នៅ​ក្លោងទ្វារចូល​ទៅ​កាន់សេតវិមាន ប៉ុន្តែនៅពេល​មេដឹកនាំ​ប្រទេសទាំងពីរ​បានចូលទៅដល់​ការិយាល័យ​ប្រធានាធិបតី​អាមេរិក (Oval Office) ហើយនោះ​​គឺ​ពុំមានការ​ចាប់ដៃ​រាក់ទាក់គ្នា​តទៀតដូចកាល​ពីជំនួប​រវាងលោក ត្រាំ ជាមួយ​មេដឹកនាំ​ប្រទេស​ដទៃៗនោះឡើយ។ នេះបើ​តាមការ​ចេញ​ផ្សាយ​​ដោយ​សារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

ខណៈប្រពៃណី​ក៏ដូចជាទំនៀម​ទម្លាប់​តាំងពី​ដើមរៀងមក តម្រូវឲ្យ​ប្រធានាធិបតី​អាមេរិក​ធ្វើការ​ចាប់ដៃ​ស្វាគមន៍ ជាមួយមេដឹកនាំ​ប្រទេស​ដទៃ​ទៀតនៅ​ក្នុង Oval Office ដែលជា​កាយវិការ​ដ៏សំខាន់​សម្រាប់​ថតយករូបភាព​របស់​អ្នកនយោបាយ​នោះ ជំនួប​នៅថ្ងៃសុក្រ​សប្តាហ៍​នេះ​ (ពេលវេលា​នៅរដ្ឋធានី​វ៉ាស៊ីនតោន) រវាងលោក ដូណាល់ ត្រាំ និង​លោកស្រី អេនជេឡា មឺគែល ពុំបានអនុវត្តន៍​តាមពិធីការ​នេះឡើយ។

មុនពេល​ចាកចេញ​ពីការិយាល័យ​ប្រធានាធិបតី​អាមេរិក អ្នកសារព័ត៌មាន​ប្រចាំសេតវិមាន​ម្នាក់បាន​សួរថា តើ​មេ​ដឹក​នាំ​​ប្រទេស​ទាំង​ពីរ​​អាច​ចាប់​ដៃ​​គ្នា​បាន​ទេ​។ ពេលនោះ​ទោះបីជា​លោកស្រី មឺគែល បានក្រឡេក​ទៅកាន់​លោក ត្រាំ នៅក្នុងន័យ​បង្ហាញថា​លោកស្រី​នឹងពេញចិត្ត​​ក្នុងការសម្តែង​កាយ​វិការរាក់ទាក់គ្នា​នេះ លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​មិនបានកម្រើក​សូម្បីតែបន្តិច​សោះឡើយ តែបែរជា​​អង្គុយ​ដោយ​ស្ងប់ស្ងាត់​ និងញញឹម​ទៅកាន់ក្រុម​អ្នកកាសែត​ទៅវិញ ខណៈលោកស្រី​អធិការបតីអាល្លឺម៉ង់​ក៏បានត្រឹមតែញញឹម​ញញែមបែបមិនស្រួល​ក្នុងចិត្តដាក់អ្នក​សារព័ត៌មានប៉ុណ្ណោះ។

គួរបញ្ជាក់ថា​អ្នកនយោបាយ​ទាំងពីរូបនេះ​ ពុំសូវជាត្រូវរ៉ូវគ្នាប៉ុន្មាន​នោះឡើយ ដោយសារលោកស្រី មឺគែល ធ្លាប់បាន​ថ្លែងថ្កោលទោស​ដោយ​ចំហ ចំពោះបទបញ្ជាដាក់បំរាម​ធ្វើដំណើរ​ដ៏ចម្រូងចម្រាស​ដែលលោក ត្រាំ បាននិង​កំពុងព្យាយាម​ដាក់ទៅលើ​ប្រទេសមូស្លីម ហើយលោក​ប្រធានាធិបតី​វិញក៏ធ្លាប់​បានចាត់ទុកការ​បើកទូលាយ​របស់អាល្លឺម៉ង់​ក្នុងការទទួល​ជនភៀសខ្លួន គឺជាកំហុស​ដ៏ធ្ងន់ធ្ងរមួយ​ផងដែរ៕