(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេស​តួកគី​លោក Mevlut Cavusoglu បានព្រមានថា​អឺរ៉ុបកំពុង​​ឆ្ពោះទៅរក​ការផ្ទុះសង្រ្គាម​សាសនា​ហើយ ដោយ​បានអះអាង​ថា បណ្តាអ្នក​នយោបាយ​នៃប្រទេសហូឡង់​កំពុងនាំ​យកទ្វីប​​ដ៏ដែលធ្លាប់តែ​ប្រកបដោយ​សន្តិភាពមួយនេះ​ទៅកាន់មាត់​ជ្រោះ​​ ​ដែលសេចក្តីថ្លែងការណ៍​​នេះត្រូវ​បាន​ធ្វើឡើងចំ​ខណៈពេល​ដែលប្រទេសទាំងពីរ​កំពុងមាន​ជម្លោះការ​ទូតយ៉ាង​ក្តៅគគុក។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

នាថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះលោក Cavusoglu បានធ្វើការថ្លែង​សុន្ទរកថា​ នៅក្នុងការជួបជុំ​ទ្រង់ទ្រាយធំ​មួយនៅ​ឯទីក្រុង Antalya នៃ​ប្រទេស​តួកគី និងបានលើក​ឡើង​ពីការ​វាយតម្លៃ​របស់​រូបលោកផ្ទាល់​ ទៅលើ​ការបោះឆ្នោត​សភា​នៅក្នុង​ប្រទេសហូឡង់ ដោយ​លទ្ធផល​​​នៃ​បានបង្ហាញពី​ភាពបរាជ័យរបស់​លោក Geert Wilders ដែលជាអ្នក​នយោបាយ​ប្រជានិយម​ម្នាក់ ក្នុងការប្រមូល​សំឡេង​​ភាគ​ច្រើន​​​នៃ​បោះ​ឆ្នោត  ​​នៅក្រោយ​យុទ្ធនាការ​​របស់លោក ដែលបាន​អំពាវ​ឲ្យ​មានការបិទ​ព្រះវិហារអ៊ីស្លាម​​ និងដាក់បំរាមហាមឃាត់​ទៅលើ​ព្រះគម្ពីរ Koran។

ផ្ទុយទៅវិញ​ជំនួសការ​អបអរសាទរថាអ្នកនយោបាយរូបនេះ និងទស្សនៈប្រឆាំង​សាសនាអ៊ីស្លាម​របស់លោក ត្រូវបានផ្តួល​រំលំដោយ​​គណបក្សរបស់នាយករដ្ឋមន្រ្តី​ហូឡង់​លោក Mark Rutte នោះលោក Mevlut Cavosoglu បានព្រមានថា​ជំនឿរបស់​លោក Wilders ត្រូវ​បាន​ចែក​រំលែក​ដោយ​មនុស្សក៏​ដូចជាអ្នក​នយោបាយ​គ្រប់រូប​នៅទូទាំង​ប្រទេស​ហូឡង់។ លោក Cavosoglue បានថ្លែងថា «វាពុំមានអ្វី​ខុសគ្នា​​បន្តិច​នោះឡើយ​រវាងផ្នត់​គំនិត​របស់​លោក Geert Wilders និងអ្នក​សង្គម​ប្រជាធិបតេយ្យ​នៅក្នុងប្រទេស​ហូឡង់ ដោយពួកគេ​រាល់គ្នា​​មាន​ផ្នត់​គំនិត​តែមួយ... ជាផ្នត់គំនិត​ដែលកំពុងនាំ​យកទ្វីប​អឺរ៉ុប​ទាំងមូល​ទៅកាន់​មាត់ជ្រោះ ហើយនា​ពេលឆាប់ៗ​ខាងមុខ​សង្រ្គាម​សាសនា​​អាច ក៏ដូចជានឹងផ្ទុះ​ចាប់ផ្តើមឡើង​នៅអឺរ៉ុប​ជាក់ជា​មិនខានឡើយ»

គួរបញ្ជាក់ថា​ការអត្ថាធិប្បាយ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង នៅចំពេល​ជម្លោះការទូត​រវាងហូឡង់​ និងតួកគី​កំពុងបន្ត​យ៉ាងក្តៅ​គគុក។ ទីក្រុង​អង់ការ៉ា​បានផ្អាក​ទំនាក់ទំនង​ជាន់ខ្ពស់ជាមួយ​ប្រទេសហូឡង់​កាលពី​ថ្ងៃចន្ទដើម​សប្តាហ៍នេះ បន្ទាប់ពី​លោក Mark Rutte បានបញ្ជាឲ្យ​ដាក់​បម្រាម​ហាមមិនឲ្យ​រដ្ឋមន្រ្តីការបរទេស​តួកគី ជាន់ទឹកដី​ហូឡង់​ដើម្បីថ្លែងសុន្ទរកថា​ទៅកាន់ពលរដ្ឋ​តួកគី​នៅក្នុងការ​ជួបជុំ​មួយក្នុង​ទីក្រុង Rotterdam ជាទី​ដែលពួកគេត្រូវបាន​រំពឹងថា​ នឹងផ្តល់​ការគាំទ្រដល់​ការធ្វើប្រជាមតិ​កែប្រែរដ្ឋធម្មនុញ្ញ​នៅក្នុងប្រទេស​តួកគេ៕