(យូអិន)៖ រដ្ឋាភិបាល​ប្រទេសស៊ូដង់ខាងត្បូង​គឺជាទទួលខុសត្រូវ​ស្ទើរតែទាំង​ស្រុងចំពោះ​គ្រោះអត់ឃ្លាន នៅតាមតំបន់​ជាច្រើន​នៃប្រទេស​តំបន់​​​​អាហ្រ្វិក​ខាងជើង​ ដែល​ហែកហួរ​ដោយសង្រ្គាម​មួយនេះ ខណៈ​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​លោក Salva Kiir ដោយមិនខិត​ខំ​ដោះស្រាយ​​បញ្ហា​​នេះ​ទេ​ តែបែរ​ជាកំពុង​បន្តបង្កើន​សព្វាវុធ​ដល់កម្លាំង​យោធា​របស់លោក តាមរយៈការ​ជះលុយ​រាប់លានដុល្លារ​​ស​ហរដ្ឋ​អា​មេ​រិក​ដែល​រក​បាន​​ពី​​ការ​លក់ប្រេង​របស់ប្រទេស​ទៅវិញ។ នេះបើតាម​ការរបាយការណ៍​មួយរបស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបាន​ដកស្រង់​ដោយ​​សារ​ព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានឲ្យដឹងថា ទោះបីជាមាន​វិបត្តិទាំងនយោបាយ ប្រជាជន និងសេដ្ឋកិច្ច​ខ្លាំងបែបណាក៏ដោយ ក្រុមឃ្លាំង​មើលរបស់អង្គការ​​សហប្រជាជាតិ​ប្រចាំនៅ​ប្រទេសស៊ូដង់ខាងត្បូង នៅតែបន្ត​រកឃើញ​ភស្តុតាំង​ជាបន្តបន្ទាប់ស្តីពី​ការទិញដូរ​សព្វាវុធ​ ដោយ​រដ្ឋាភិបាល​សម្រាប់​ផ្តត់​ផ្គង់​​ដល់កងទ័ព​ក៏ដូចជា​កងការពារ​សន្តិសុខជាតិ រួមទាំង​កងម្លាំង​ប្រដាប់​អាវុធដែល​ពាក់ព័ន្ធដទៃៗ​ទៀត តាមរយៈការប្រើប្រាស់​ចំណូលដែល​រក​បានពីការ​លក់ប្រេង។

គួរបញ្ជាក់ថា​អង្គការ​សហប្រជាជាតិ​បានប្រកាស​អាសន្ន​អំពីគ្រោះអត់ឃ្លាន នៅតាម​តំបន់ជាច្រើន​នៃប្រទេស​ដែលទើបនឹង​កកើត​មួយនេះ ដែល​​ប្រ​ជា​ជន​​​ស្ទើរ​តែពាក់កណ្តាល​នៃចំនួន​ប្រជាជន​សរុប ពោលគឺ​ប្រមាណ ៥.៥លាននាក់ បាននិង​កំពុងជួបប្រទះ​កង្វះខាត​ស្បៀង​អាហារ។ របាយ​ការណ៍​​របស់ UN បានបញ្ជាក់ថា​យោងតាម​ភស្តុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គ្រោះអត់ឃ្លាននេះបានបណ្តាលមក​ពីសង្រ្គាមផ្ទៃក្នុង​ដ៏អូស​បន្លាយ​​​ ជាពិសេសគឺ​ការកើនឡើង​នៃប្រតិបត្តិការ​យោធា​នៅក្នុងប្រទេស​ស៊ូដង់ខាងត្បូង  ក៏ដូចជា​កង្វះខាត​នៃការផ្តល់ជំនួយ​មនុស្សធម៌​​​ពី​​សំណាក់​​រដ្ឋា​ភិបាល៕