(សេអ៊ូល)៖ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានទុកសត្វឆ្កែ​០៩ក្បាលចោលនៅ​ក្នុងវិមាន​ប្រធានាធិបតី (Blue House) បន្ទាប់ពី​លោកស្រី បានរើសម្ភារៈចាកចេញ​ពីការិយាល័យ​ត្រឡប់ទៅលំនៅឋានឯកជន​របស់លោកស្រី​ កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍មុន ក្រោយពីត្រូវ​បានតុលាការ​ធម្មនុញ្ញទម្លាក់​ចេញពី តំណែងជា​ផ្លូវដោយសារតែ​រឿងអាស្រូវពុក​រលួយនយោបាយ​ ឆយ ស៊ូនស៊ីល។ ក៏ប៉ុន្តែទន្ទឹមគ្នា​នោះដែរ ក្រុមអ្នក​ការពារសត្វ​បានចោទ​ប្រកាន់ថា​លោកស្រី ផាក បានរំលោភលើច្បាប់​ការពារសត្វ​ចិញ្ចឹម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។​

យោងតាម​សារព័ត៌មាន​នៅក្នុងស្រុក Donga Ilbo លោកស្រី ផាក បានទទួល​អំណោយ​ជាសត្វឆ្កែ​០២ក្បាល​​នៃពូជឆ្កែកូរ៉េ Jindo ពីអ្នកជិត​ខាង​ម្នាក់ នៅពេលដែលលោកស្រី​ចូលកាន់​តំណែងជា​ប្រធានាធិបតី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយអ្នក​ជិតខាងរូបនេះ​សម្រេចចិត្ត​ប្រគល់​សត្វឆ្កែ Jindo ឱ្យលោកស្រី ផាក ដោយសង្ឃឹមថា​លោកស្រី​អាចនឹងលុបចោល​គោលនយោបាយ​បែងចែករដ្ឋបាល​តំបន់ និងទីក្រុង។

គួរបញ្ជាក់ថា​បច្ចុប្បន្នឆ្កែ Jindo ទាំងពីរក្បាល​ខាងលើបាន​បង្កើតកូន​ចំនួន​០៧ក្បាល។  លោកស្រី ផាក បានទុកឆ្កែ​ទំាងនេះ​ចោលនៅក្នុង​វិមាន​ប្រធានាធិបតី ខណៈក្រុមអ្នក​ការពារសត្វ​បានចោទប្រកាន់​លោកស្រីថា​ បានរំលោភ​លើច្បាប់ការពារ​ចិញ្ចឹមសត្វ។ ប៉ុន្តែ គេពុំទាន់ដឹង​ច្បាស់នៅឡើយ​ទេថា​លោកស្រីពិតជា រំលោភលើ​ច្បាប់នេះ ឬក៏យ៉ាងណា​នោះទេ។ ដោយឡែក​បើតាមមន្ត្រី​ការិយាល័យ​ប្រធានាធិបតី សត្វឆ្កែJindo ០២ក្បាល និងកូន០២ក្បាល ត្រូវបាន​គេបញ្ជូន​ទៅកាន់សមាគមការពារពូជឆ្កែ Jindo​ ហើយ រីឯកូន០៥ក្បាលទៀត​កំពុងរង់ចំាម្ចាស់ថ្មី៕