(វ៉ាស៊ីនតោន)៖ យោធា​សហរដ្ឋអាមេរិក​​នៅថ្ងៃព្រហស្បតិ៍​​សប្តាហ៍នេះ (ពេល​វេលានៅ រដ្ឋធានី​វ៉ាស៊ីនតោន) បានឲ្យដឹងថា​ ខ្លួនពិតជា​បាន​បើកការ​វាយប្រហារ​តាមផ្លូវអាកាស​ដ៏កក្រើកមួយ ទៅលើ​កន្លែង​ប្រជុំ​របស់ក្រុមភេរវករអាល់កៃដា​នៅភាគ​ខាងជើង​ប្រទេសស៊ីរី​ប្រាកដ​មែន​ តែបាន​ធ្វើការបដិសេធ​ចំពោះសេចក្តីរាយការណ៍​ដែលថា ជនស៊ីវិលជាង​៤០នាក់​បានបាត់បង់​ជីវិត ខណៈពេល​ដែលព្រះវិហារ​មួយកន្លែង​​ បានទទួលរង​ការវាយប្រហារ​នៅក្នុងប្រតិបត្តិការ​យោធា​នេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅ​មុន​នេះបន្តិច​នារសៀល​ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។​

លោកឧត្តម​សេនីយ៍ John Thomas អ្នកនាំពាក្យ​ទីបញ្ជាការដ្ឋាន​យោធា​កណ្តាលសហរដ្ឋអាមេរិក (Centcom) បានថ្លែង​បញ្ជាក់ថា «ពួកយើង​ពុំ​​មាន​​គោល​​ដៅ​ ទៅលើ​ព្រះវិហារសាសនា​ណាមួយ​ឡើយ ​ប៉ុន្តែ​អគារ​ជា​​គោល​ដៅ​របស់យើង​ដែលជាទីកន្លែង​ណាត់ជួបគ្នា​របស់​ក្រុម​ភេរវ​ករ​​​វិញ​​នោះទេ គឺស្ថិត​នៅចម្ងាយ​ប្រមាណ ១​៥ម៉ែត្រពីព្រះវិហារ​មួយកន្លែង ដែល​ខណៈពេល​នេះមានសភាព​នៅល្អដូចដើម​ពុំមានការខូចខាត​​​អ្វី​​ទាំង​អស់​»​​។

គួរបញ្ជាក់ថា​យោងតាមសេចក្តីថ្លែងការណ៍​របស់ Centcom កងកម្លាំង​យោធារបស់​សហរដ្ឋអាមេរិក បានចេញ​ប្រតិបត្តិការ​វាយ​ប្រហារតាម​​​ផ្លូវ​អាកាសមួយ ទៅ​លើទីកន្លែង​ណាត់ជួបគ្នា​របស់ក្រុមសកម្ម​ប្រយុទ្ធអាល់កៃដា​នៅស៊ីរី ដែលបានផ្តាច់ជីវិត​ក្រុមភេរករ​មួយចំនួន។ ដោយ​ឡែក​​ជុំវិញ​សេចក្តីរាយការណ៍​របស់​ក្រុមអ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំនៅស៊ីរី​ដែលថា មនុស្សចំនួន​៤២នាក់​ភាគច្រើនជាជន​​ស៊ីវិល​បាន​ស្លាប់​​នៅ​ក្នុង​ប្រតិបត្តិការ​នោះ យោធាអាមេរិក​នឹងបើកការស៊ើប​អង្កេតទៅលើ​ករណីនេះ៕