(តូក្យូ)៖ រយៈពេលជាង​២០ឆ្នាំ​មកហើយ ដែលកិច្ចខិតខំ​ប្រឹងប្រែង​ផ្នែកការទូត​ សំដៅទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរកូរ៉េខាងជើង​បានបរាជ័យ និងចាំបាច់​បំផុតត្រូវការយុទ្ធសាស្ត្រ​ថ្មីមួយ រីឯទីក្រុងព្យុងយ៉ាង​មិនគួរខ្លាច​សហរដ្ឋអាមេរិក និងប្រទេសជិត​ខាងរបស់​ខ្លួនឡើយ។ នេះបើតាម​សម្តីរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់លោក រិច ធីល្លឺសុន ធ្វើឡើង​នៅក្នុងឱកាស​ជួបពិភាក្សា​ការងារជាមួយរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ដោយលោក​ថែមទំាង​បានសង្កត់ធ្ងន់ដែរ​ថា​ ចិនគួរតែ​ប្រើឥទ្ធិពល​របស់ខ្លួនដាក់​សម្ពាធលើ​កូរ៉េខាងជើង ឱ្យឈប់​បង្ករឿង​នៅក្នុង​តំបន់ រីឯ ទីក្រុង​វ៉ាស៊ីនតោន នឹងឈរនៅពី​ក្រោយ​កូរ៉េខាងត្បូង និងជប៉ុន​ជានិច្ច​ប្រឈមមុខនឹង​ការគំរាមកំហែង​ពីទីក្រុង​ព្យុងយ៉ាង។ លោក ធីល្លឺសុន បានលើក ឡើងដូច្នេះថា «ខ្ញុំគិតថា​វាពិតជា​មានសារៈសំខាន់​ណាស់​ ក្នុងការ​ទទួលស្គាល់​ថា យន្ដការ​ការទូត និងកិច្ចខិតខំ​ប្រឹងប្រែង​ដទៃទៀត ទប់ស្កាត់មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អស់រយៈពេល​ជាង២០​ឆ្នាំមកនេះ​បានបរាជ័យ។ ដូច្នេះចំាបាច់យើងត្រូវតែរៀបចំយុទ្ធសាស្ត្រថ្មី។ទោះបីយ៉ាងណាក៏ដោយ​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង និងប្រជាជន​កូរ៉េខាងជើង​មិនគួរខ្លាច​សហរដ្ឋអាមេរិក ឬប្រទេសជិត​ខាង​របស់ខ្លួន​នៅក្នុងតំបន់​នោះទេ ខណៈពួកគេ​កំពុង​ស្វែងរកគោលដៅ​តែមួយគត់​នោះគឺ​រស់នៅដោយ​សន្តិភាព​ជាមួយ​កូរ៉េខាងជើង»

គួរបញ្ជាក់ថា​ដំណើរទស្សនកិច្ច​ជាលើក​ដំបូង​នៅអាស៊ី ក្នុងនាម​ជារដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន ធ្វើឡើង​នៅចំពេល​ដែលស្ថានភាព​នៅលើ​ឧបទ្វីបកូរ៉េ កំពុងស្ថិត​នៅមាត់​ជ្រោះ​នៃជម្លោះ​បន្ទាប់ពី​កូរ៉េខាងជើង ព្រមានបើក​ការវាយប្រហារ​សងសឹក​ប្រឆាំងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ហើយមិនតែ​ប៉ុណ្ណោះ​សូម្បីតែចិន ក៏កំពុងចាត់​វិធានការឆ្លើយ​តបជា​បណ្ដើរៗ ទៅនឹងគំរោង​ដាក់ពង្រាយ​ប្រព័ន្ធខែលការពារ​មីស៊ីល​អាមេរិក  THAAD នៅដី​កូរ៉េខាងត្បូង៕