(សេអ៊ូល)៖ រ៉ាដាប្រភេទ «X-Band» ដែលជាបរិក្ខាផ្សំស្នូល​សំខាន់ជាងគេ​បំផុតនៃប្រព័ន្ធ​ខែល​ការពារមីស៊ីល​កម្រិត​ខ្ពស់ THAAD របស់​​សហរដ្ឋអាមេរិក​​​ នឹង​​ត្រូវបញ្ជូន​មកដល់ទឹកដី​នៃប្រទេសកូរ៉េខាងត្បូង​នាពេល​ឆាប់ៗ​ខាងមុខ​នេះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​​ ទីភ្នាក់​ងារ​​​ព័ត៌​មាន​​កូរ៉េ​ខាង​ត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

មន្រ្តីយោធា​កូរ៉េខាងត្បូង​ដែលបានសុំមិនបញ្ចេញ​អត្តសញ្ញាណបានឲ្យដឹងថា​ ប្រព័ន្ធរ៉ាដា X-Band នឹងមិនមក​ដល់កូរ៉េខាងត្បូង​នៅថ្ងៃនេះ​​ឡើយ ប៉ុន្តែលោកបាន​គូសបញ្ជាក់ថា វានឹងត្រូវបញ្ជូនមកកាន់​ឧបទី្វបកូរ៉េនាពេលឆាប់ៗ ហើយដឹក​ទៅកាន់មូលដ្ឋាន​យោធាមួយ​កន្លែង​ នៃកង​កម្លាំង​​សហរដ្ឋអាមេរិក​ប្រចាំនៅកូរ៉េ (USFK) បន្ទាប់ពី​មានសេចក្តីរាយ​ការ​ណ៍ព័ត៌មានថា ប្រព័ន្ធរ៉ាដាម៉ូដែល AN-TPY នេះនឹ​ងមក​ដល់​​មូល​ដ្ឋាន​ទ័ពអាកាស Osan ដែលស្ថិត​នៅប្រមាណ ៦០គីឡូម៉ែត្រ​ភាគខាងត្បូង​រដ្ឋធានី​សេអ៊ូល នាព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ។

យោងតាមអ្នក​វិភាគស្ថានការណ៍​ជាច្រើនរូប ប្រព័ន្ធ THAAD គឺជាកត្តា​ដ៏សំខាន់មួយ​ដើម្បីប្រែក្លាយ​កូរ៉េខាងត្បូងទៅ​ជាផ្នែក​មួ​យនៃ​​បណ្តាញ​ខែល​ការពារមីស៊ីល​ របស់សហរដ្ឋអាមេរិក​នៅតំបន់អាស៊ីឦសាន​ ដើម្បីគ្រប​ដណ្តប់លើ​ឥទ្ធិពលរបស់ចិន​ និងរុស្ស៊ី ហើយប្រទេស​ទាំង​ពី​រនេះ ក៏បានសម្តែង​ការប្រឆាំងដាច់​ខាតផងដែរ​ចំពោះការ​បំពាក់ប្រព័ន្ធ THAAD នៅឧបទ្វីបកូរ៉េ​ ពីព្រោះថាវា​​នឹង​បំបែក​​តុល្យ​ភាព​យុទ្ធសាស្រ្ត​​ហើយគំរាមកំហែង​សន្តិសុខជាតិ​របស់ពួកគេ។

គួរបញ្ជាក់ថា​រលកសញ្ញា​រ៉ាដាប្រភេទ X-Band របស់ប្រព័ន្ធ​ខែលការពារ​មីស៊ីល​អាមេរិក THAAD អាចជ្រៀត​ចូលយ៉ាងជ្រៅ​ទៅលើ​​ទឹក​ដី​​របស់​ចិន​​ និង​រុស្ស៊ី ហើយខណៈដែលទីក្រុងម៉ូស្គូ​ដូចជាមាន​ភាពស្ងត់ស្ងាត់បន្តិចនោះ ទីក្រុងប៉េកាំងបានប្រកាសថា នឹងសម្រេច​រៀបចំយុទ្ធសាស្រ្ត​ដើម្បី​ទប់ទល់​ជាមួយរលក​សញ្ញាដ៏មានឥទ្ធិពល​នេះ​ផងដែរ៕