(សេអ៊ូល)៖ អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​លោក Lim Sung-Nam នៅថ្ងៃព្រហស្បតិ៍នេះ​បានលើកឡើងថា​ ទង្វើសងសឹករបស់ចិន​​​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​របស់រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ក្នុងការពង្រាយ​ប្រព័ន្ធ THAAD គឺដោយសារតែ​កង្វះខាត​នៃភាពយល់ដឹង​ អំពី​ប្រព័ន្ធ​ខែលការពារ​មីស៊ីល​របស់​សហរដ្ឋអាមេរិក​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​មុន​នេះ​បន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

ឆ្លើយតបទៅ​នឹងសំណួររបស់​សមាជិកសភា​ លោក Lim បានថ្លែងថា​ រដ្ឋាភិបាលកូរ៉េខាងត្បូង​ធ្លាប់បាន​ពន្យល់​ក៏ដូចជាបកស្រាយ​​បញ្ជាក់​​យ៉ាងច្បាស់​លាស់រួចរាល់​អស់ហើយ​ ដល់ទីក្រុងប៉េកាំងថា ប្រព័ន្ធ THADD គឺត្រូវបំពាក់​ដើម្បីតែធ្វើជាខែលការពារ​សម្រាប់ទប់ទល់​នឹង​ការគំរាមកំហែង ដោយមីស៊ីលផ្លោង​ ព្រមទាំងអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ ក៏ប៉ុន្តែរដ្ឋាភិបាល​ចិន​ខ្លួនឯងផ្ទាល់​ពុំបានយល់​​​ច្បាស់​ពីចំណុច​នេះឡើយ។ ម៉្យាងវិញទៀត​រដ្ឋមន្រ្តីការពារជាតិ​កូរ៉េខាងត្បូង​ ក៏បានលើក​ឡើងដែរ​ថា ក្តីព្រួយ​បារម្ភ​របស់ចិន​អំពីរលក​សញ្ញារ៉ាដា​​នៃប្រព័ន្ធ THAAD គឺមិនមែន​មូលដ្ឋាន​ជាក់ស្តែង​នោះឡើយ។

ដោយឡែក​បណ្តាក្រុមហ៊ុន​ជាច្រើនរបស់​កូរ៉េខាងត្បូង​មានអារម្មណ៍ថា ពួកគេកំពុង​ទទួលរង​ការសងសឹក​​ពី​សំណាក់​ប្រទេសចិន ពី​ព្រោះ​ការ​​​ជំទាស់ដាច់ខាត​របស់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចំពោះការដំឡើង​ប្រព័ន្ធខែល​ការពារមីស៊ីល​នេះ។ ចិន​យល់​ថា​​រលក​សញ្ញា​រ៉ា​ដា​​ដ៏​មាន​ឥទ្ធិពល​របស់ប្រព័ន្ធ THAAD គឺជាការ​គំរាមកំហែង​ធ្ងន់ធ្ងរមួយ​ដល់សន្តិសុខជាតិ​របស់ខ្លួន។

យ៉ាងណាមិញ​យោងតាមអ្នក​វិភាគស្ថានការណ៍​ជាច្រើនរូប ប្រព័ន្ធ THAAD គឺជាកត្តា​ដ៏សំខាន់មួយ​ដើម្បីប្រែក្លាយ​កូរ៉េខាងត្បូង​ទៅជាផ្នែក​​មួយ​​នៃ​បណ្តាញ​ខែល​ការពារមីស៊ីល​របស់សហរដ្ឋអាមេរិក​នៅតំបន់​អាស៊ីឦសាន​ ដើម្បីគ្រប​ដណ្តប់​លើឥទ្ធិពល​របស់ចិន​ និងរុស្ស៊ី ហើយ​ប្រទេស​​ទាំង​ពី​នេះ ក៏បាន​សម្តែងការ​ប្រឆាំងដាច់ខាត​ផងដែរ​ ចំពោះការ​បំពាក់​ប្រព័ន្ធ THAAD នៅឧបទ្វីប​កូរ៉េ​ ពីព្រោះថា​វា​នឹង​បំបែក​​តុល្យ​ភាព​​យុទ្ធសាស្រ្ត​​ ហើយគំរាម​កំហែង​សន្តិសុខជាតិ​របស់​ពួកគេ។

គួរបញ្ជាក់ថា​រលកសញ្ញារ៉ាដា​ប្រភេទ X-Band របស់ប្រព័ន្ធខែល​ការពារមីស៊ីល​អាមេរិក THAAD អាចជ្រៀតចូល​យ៉ាងជ្រៅទៅ​លើ​ទឹក​ដី​​របស់​ចិន​ ​និង​រុស្ស៊ី ហើយខណៈដែលទីក្រុងម៉ូស្គូ​ដូចជាមានភាព​ស្ងត់ស្ងាត់ ទីក្រុងប៉េកាំង​បានប្រកាសថានឹងសម្រេចរៀបចំយុទ្ធសាស្រ្តដើម្បីទប់ទល់​ជាមួយរលកសញ្ញាដ៏មានឥទ្ធិពលនេះ​ផងដែរ៕