(ម៉ានីល)៖ ប្រធានាធិប​តី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចផ្លូវការ​នៅប្រទេសមីយ៉ាន់ម៉ា​ និងថៃ​ចាប់ពី​ថ្ងៃទី​១៩​ ដល់ថ្ងៃទី២២ ខែមីនានេះ។ នេះបើតាម​សេចក្តីប្រកាស​របស់អ្នកនាំ​ពាក្យរដ្ឋាភិបាល​ហ្វីលីពីន ដែលត្រូវ​បានដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​​រដ្ឋាភិបាល​​លោក Charles Jose បានថ្លែងក្នុង​សន្និសីទ​​សារព័ត៌មានមួយ​នៅឯ​វិមាន​ប្រធានាធិបតី​​ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​ទៅ​បំពេញទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា​ពីថ្ងៃទី១៩ដល់ ថ្ងៃទី២០ ហើយព្រះរាជាណាចក្រថៃ​ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា។ «​ដំណើរ​ទស្សនកិច្ច​ទាំងនេះគឺជាផ្នែក​មួយនៃដំណើរទស្សនកិច្ច​ណែនាំខ្លួន​របស់លោក ឌូតឺតេ ទៅកាន់​បណ្តាប្រជាជាតិ​នៅតំបន់​អាស៊ីអាគ្នេយ៍»។ នេះបើតាម​សម្តីរបស់​លោក Jose ដែលបាន​បន្ថែមទៀតថា​ ប្រទេសទាំងពីរគឺជា​ប្រជាជាតិនៅ​សល់ចុងក្រោយ​គេ​បង្អស់ ដែលលោក​ប្រធានាធិបតី​ហ្វីលីពីន​ពុំទាន់បាន​ទៅបំពេញទស្សនកិច្ច​នៅក្នុងតំបន់ ចាប់តាំងពី​រូបលោកបានឡើង​កាន់តំណែង​កាលពីខែមិថុនា ឆ្នាំ២០១៦ ដែលវាជាទម្លាប់​សម្រាប់ប្រមុខ​រដ្ឋាភិបាលនៃប្រទេសអាស៊ានដែលទើបឡើងកាន់តំណែងថ្មី។

នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ាលោក ឌូតឺតេ នឹងចូលជួបពិភាក្សា​ការងារជា​មួយ​ប្រធានាធិបតី​លោក U Htin Kyaw និងមន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​​មីយ៉ាន់ម៉ាដទៃៗ​ទៀត​ រួមទាំងប្រធាន​ក្រុមប្រឹក្សា​រដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងអគ្គមេបញ្ជាការ​នៃសហភាពមីយ៉ាន់ម៉ា​ លោក Min Aung Hlaing ផងដែរ។ ហ្វីលីពីន​ និង​មីយ៉ាន់ម៉ា​​បានបង្កើត​ទំនាក់ទំនង​ការទូតវាងគ្នា​ និងគ្នា​កាលពី​ឆ្នាំ១៩៥៦ ហើយមីយ៉ាន់ម៉ាសព្វថ្ងៃ គឺជា​កន្លែង​ជ្រក​កោន​របស់ជនជាតិហ្វីលីពីន​ប្រមាណ ១,៨០០នាក់ ដែលកំពុង​ប្រកបរបរ​ចិញ្ចឹមជីវិត​នៅទីនោះ។

ដោយឡែក​នៅព្រះរាជាណាចក្រថៃវិញ​ យោងតាមសេចក្តីថ្លែងការណ៍របស់​ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គ្រោងនឹង​ធ្វើការ​ជជែកពិភាក្ស​​អំពី​បញ្ហា​ជាច្រើន​​ ពាក់ព័ន្ធ​នឹងប្រទេស​ទាំងពីរ​ជាមួយ​នាយករដ្ឋមន្រ្តី​ថៃលោក ប្រាយុទ្ធ ចាន់អូចា​ ដែលរួមមាន​​ប្រធាន​បទ​​​​ដូចជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​​​នយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល ការអប់រំ និងការការពារជាតិ។

លោក Charles Jose បញ្ជាក់​ដូច្នេះថា «លោក ឌូតឺតេ នឹងចែករំលែក​ជាមួយមន្រ្តី​​រដ្ឋាភិបាលថៃ​​នូវព័ត៌មាន​ស្តីអំពី​ការអភិវឌ្ឍ​​​​វិស័យ​ជា​ច្រើន​​​នៅក្នុងប្រទេស​​ហ្វីលីពីន ព្រមទាំងអាទិភាព​ចម្បង​ក៏ដូចជា​កម្មវិធី​របស់​ហ្វីលីពីន សម្រាប់ភាព​​ជាម្ចាស់ផ្ទះ​​នៃកិច្ចប្រជុំ​អាស៊ាន​​ឆ្នាំ២០១៧នេះ​​ថែម​​ទៀត​ផង»។ បន្ថែមពីនេះ​​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ត្រូវបាន​គេរំពឹងដែរថា​ ​នឹងចូលជួប​សំណេះ​សំណាល​​ជាមួយ​ពលរដ្ឋ​​ហ្វីលីពីន​​ប្រមាណ ១៦,០០០នាក់ ដែលកំពុងរស់នៅ​ និងធ្វើការនៅក្នុង​​ប្រទេសថៃ​​ផងដែរ។

គួរបញ្ជាក់ថា យោងតាម​អ្នកនាំពាក្យរដ្ឋាភិបាល​ខាងលើ​ដដែលនេះ ទំនាក់ទំនង​​ហ្វីលីពីន-ថៃនឹង​ឈានដល់​អាយុ​៦៨ឆ្នាំ​នៅ​ខែមិថុនា​ខាងមុខ ហើយតាំង​​ពី​ដើមរៀង​មក​មិត្តភាពនេះ​​តែងតែ​មានភាពរឹងមាំ​ និងរស់រវើក​ជានិច្ច ជាមួយការផ្លាស់ប្តូរ​​បទពិសោធន៍​ និងយុទ្ធសាស្រ្ត​​រវាងថ្នាក់​​ដឹក​​នាំ​​នៃ​​ប្រទេស​​ទាំង​ពីរ​ត្រូវបាន​ធ្វើឡើង​​ជាប្រចាំ ចាប់តាំងពី​​ការបង្កើត​ទំនាក់ទំនង​​ជាលើកដំបូង​​កាលពី​​ឆ្នាំ១៩៤៩៕