(ម៉ានីល)៖ អនុប្រធានាធិបតី​ហ្វីលីពីន​បានចេញមុខព្រមាន​ ក៏ដូចជារិះគន់លើ​សង្រ្គាមប្រឆាំង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ ដោយថែមទំាង​សង្កត់ធ្ងន់ដែរ​ថា «គ្រាប់កាំភ្លើង​តែមួយមុខ» មិនអាច​ដោះស្រាយ​បញ្ហាគ្រឿងញៀន​​នៅហ្វីលីពីន​បាននោះទេ។ នេះបើតាម​ការដកស្រង់​ដោយ​សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើង​ខាងលើ​របស់​លោកស្រី Leni Robredo ធ្វើឡើង​នៅក្នុងខ្សែវីដេអូនៃសុន្ទរថា​មួយ ត្រូវបាន​បង្ហោះការិយាល័យ​របស់លោកស្រី កាលពីថ្ងៃពុធ។ លោកស្រី Robredo នៅក្នុងសុន្ទរកថា​នោះដែរ​ដែលនឹងត្រូវ​ថ្លែងនៅ​ថ្ងៃព្រហស្បតិ៍នេះ ទៅកាន់​វេទិការស្ដីពី​ការសម្លាប់​មនុស្សក្រៅ​ប្រព័ន្ធតុលាការ រៀបចំឡើង​ក្នុងទីក្រុងវីយែន ប្រទេស​អូទ្រីស បានរិះគន់យ៉ាង​ខ្លាំងដល់សង្រ្គាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់លោក ឌូតើតេ ដោយបាន​បញ្ជាក់ថា ការព្រួយបារម្ភ​ជាច្រើនទាក់ទិន​នឹងសង្រ្គាម​គ្រឿងញៀន​របស់លោក ឌូតើតេ ក្នុងនោះរួមមាន​ទំាងការរំលោភពាន ការគំរាម​ពីសំណាក់ប៉ូលិស​ប្រឆាំងនឹង ក្រុមគ្រួសារ​សាច់ញាតិនៃជនសង្ស័យ​ពាក់ព័ន្ធនឹង​គ្រឿងញៀន នៅក្នុងករណី​ដែលគោលដៅ​ពិតប្រាកដ​មិនត្រូវបាន​ប៉ូលិសរក​ឃើញ។

គួរបញ្ជាក់ថា​បើតាមអនុប្រធានាធិបតី​ហ្វីលីពីន លោកស្រី Leni Robredo ប្រជាជនហ្វីលីពីន គួរតែហ៊ានតស៊ូមិត ប្រឆាំងនឹងការរំលោភបំពាន​លើសិទ្ធិរបស់​ខ្លួន៕