(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញ​ទៅបំពេញដំណើរ​ទស្សនកិច្ចផ្លូវការ​មួយនៅឯ​ព្រះរាជាណាចក្រថៃ​​​នា​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆាប់ៗ​ខាង​មុខនេះ។ នេះបើតាម​អះអាង​ពីរដ្ឋាភិបាលហ្វីលីពីន ដែលត្រូវបាន​ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌​មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

នៅថ្ងៃព្រហស្បតិ៍នេះ​ក្រសួងការបរទេសហ្វីលីពីន​បានចេញសេចក្តីថ្លែងការណ៍​មួយថា ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ គ្រោងនឹង​ធ្វើការ​ជជែកពិភាក្សា​អំពីបញ្ហាជាច្រើន​ពាក់ព័ន្ធ​នឹងប្រទេសទាំងពីរជាមួយនាយករដ្ឋមន្រ្តី​ថៃលោក ប្រាយុទ្ធ ចាន់អូចា​ ដែលរួមមាន​ប្រធាន​បទ​​​ដូចជា​​កិច្ចសហប្រតិបត្តិការ​​នយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល ការអប់រំ និងការការពារជាតិ។

សេចក្តីថ្លែងការណ៍ខាងលើ​បានបញ្ជាក់​ដូច្នេះថា «លោក ឌូតឺតេ នឹងចែករំលែក​ជាមួយមន្រ្តី​រដ្ឋាភិបាលថៃ​នូវព័ត៌មាន​ស្តីអំពី​ការអភិវឌ្ឍ​​​លើ​វិស័យជាច្រើន​នៅក្នុងប្រទេស​ហ្វីលីពីន ព្រមទាំងអាទិភាពចម្បង​ក៏ដូចជាកម្មវិធី​របស់​ហ្វីលីពីន សម្រាប់ភាព​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​អាស៊ាន​​ឆ្នាំ២០១៧នេះថែម​ទៀតផង»។ បន្ថែមពីនេះ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ត្រូវបាន​គេរំពឹងដែរថា​នឹងចូលជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ ១៦,០០០នាក់ ដែលកំពុងរស់នៅ​ និងធ្វើការនៅក្នុង​ប្រទេសថៃ​ផងដែរ។

គួរបញ្ជាក់ថា​យោងតាមសេចក្តី​ថ្លែងការណ៍​ដដែលនេះ ទំនាក់ទំនង​ហ្វីលីពីន-ថៃនឹង​ឈានដល់អាយុ​៦៨ឆ្នាំនៅ​ខែមិថុនាខាងមុខ ហើយតាំង​ពី​ដើមរៀង​មកមិត្តភាពនេះ​តែងតែមានភាពរឹងមាំ​ និងរស់រវើកជានិច្ច ជាមួយការផ្លាស់ប្តូរ​បទពិសោធន៍​ និងយុទ្ធសាស្រ្ត​រវាងថ្នាក់​​ដឹក​​នាំ​នៃ​​ប្រទេស​ទាំង​ពីរ​ត្រូវបានធ្វើឡើង​ជាប្រចាំ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ជាលើកដំបូង​កាលពី​ឆ្នាំ១៩៤៩៕