(សេអ៊ូល)៖ កងកម្លាំងប្រតិបត្តិការពិសេស​របស់អាមេរិក ដែលបាន​សម្លាប់មេភេរវករ​អាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Oussama Ben Laden) នឹងចូលរួម​ក្នុងការដឹកនាំ​សមយុទ្ធយោធា​ទ្រង់ទ្រាយប្រចាំ​ឆ្នាំ​ជាមួយកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង គំរាមថា​នឹងបើកការវាយ​ប្រហារសងសឹកដោយ​គ្មានត្រា​ប្រណៃ បើសិនជា​ការធ្វើ​សមយុទ្ធ យោធា​នេះប៉ះពាល់​ដល់​ដែនអធិបតេយ្យភាព​របស់ខ្លួនសូម្បី​តែបន្តិច។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ ដកស្រង់​ដោយ​សារព័ត៌មាន Russian Today ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

យោងតាមមន្ត្រី​កូរ៉េខាងត្បូង​ម្នាក់ថ្លែងប្រាប់​យ៉ុនហាប់ កាលពី​ថ្ងៃទី១៣ ខែមីនា កន្លងទៅថ្មីៗនេះថា​កងកម្លាំងពិសេសអាមេរិក SEAL Team Six នឹងចូលរួមក្នុង​សមយុទ្ធយោធា Foal Eagle និង Key Resolve ដើម្បីធ្វើសមយុទ្ធ​ដឹកនាំ​បេសកកម្ម ទំលុះខ្សែត្រៀមចូល​ក្នុងដីកូរ៉េខាងជើង និងការធ្វើឃាតមេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ដូចជាបំផ្លាញ​រចនាសម្ព័ន្ធ​យោធាសំខាន់ៗ​របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថាកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក SEAL Team Six ធ្លាប់មានកេរ្តិ៍ឈ្មោះ​យ៉ាងខ្លាំង ក្នុងការដឹកនាំ​ប្រតិបត្តិការ​តាមប្រមាញ់​មេភេរវករ Oussama Ben Laden កាលពី​ឆ្នាំ២០១១៕