(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិក​អាមេរិក​មួយក្រុមមកពី​គណបក្ស​សាធារណរដ្ឋ បានស្នើឱ្យ​មានការបើក​ការស៊ើបអង្កេតមួយ​លើអតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការ​លូកដៃ​ចូល​ក្នុងកិច្ចការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៃបណ្ដាប្រទេស​ដទៃ តាមរយៈ​ការផ្ដល់​ហិរញ្ញវត្ថុដល់​គណបក្ស​នយោបាយ ដែលអាមេរិកគាំទ្រ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

ក្រុមសមាជិក​សភាទំាងនេះ​បានផ្ញើលិខិតមួយ​ ទៅកាន់រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន ដោយជំរុញ​ឱ្យលោក​បើកការស៊ើបអង្កេត​ ដើម្បី​ពិនិត្យលើ​ការប៉ុនប៉ង​នៃអតីតរដ្ឋបាល​លោក អូបាម៉ា ពាក់ព័ន្ធនឹង​ការលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នៅបណ្ដា​ប្រទេស​មួយ ចំនួនក្នុង​តំបន់អឺរ៉ុប អាហ្រ្វិក ឬតំបន់​អាមេរិកឡាទីន។ ជាងនេះ​ទៅទៀត​លិខិតដដែល ក៏បាន​បញ្ជាក់ដែរ​ថា ការប៉ុនប៉ង​ទំាងនេះ​រួមមាន​ទំាងការផ្ដល់​ហិរញ្ញវត្ថុ ឱ្យទៅក្រុមអ្នក​នយោបាយ​ឆ្វេងនិយម​តាមរយៈក្រសួង​ការបរទេស​អាមេរិក និងទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) ឬក៏​តាមរយៈ​ក្រុមហ៊ុន​របស់មហាសេដ្ឋី​លោក ចច សូរ៉ូស (George Soros)។

គួរបញ្ជាក់ថា​ក្រុមសមាជិកសភា​នៃគណបក្ស​សាធារណរដ្ឋ ក៏បានស្នើសុំផងដែរថា ​ការស៊ើបអង្កេត​គួរតែត្រូវបាន​ធ្វើឡើង​ឱ្យកាន់តែ​ឆាប់​រហ័ស តាម​ដែលអាច​ធ្វើទៅបាន ដើម្បីកំណត់ថា​តើថវិកាចូលរួម​ចំណែករបស់​សហរដ្ឋអាមេរិក ត្រូវ​បានចំណាយ​យ៉ាង​ដូចម្ដេច? និងពិនិត្យ​ឡើងរាល់​កម្មវិធីនៃទីភ្នាក់ងារអាមេរិក​ទំាងអស់។ ក៏ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា ពួកគេពុំ​ទាន់បង្ហាញ​ភស្ដុតាង​ជាក់លាក់ណា​មួយនោះ​ទេ ចំពោះការ​ចោទប្រកាន់​លើលោក អូបាម៉ា៕