(ហូឡង់)៖ មេដឹកនាំអឺរ៉ុបកំពុងបើកភ្នែកធំៗសម្លឹងមើលទៅកាន់ហូឡង់ ដែលកំពុងរៀបចំការបោះឆ្នោតសភា ត្បិតវាអាចជាគ្រោះថ្នាក់មួយ សម្រាប់សហភាព អឺរ៉ុប បន្ទាប់ពី Brexit នៅក្នុងករណីក្រុមអ្នកនយោបាយស្អប់សហភាពអឺរ៉ុប (Eurosceptiques) និងប្រឆាំងជនភៀសខ្លួន ទទួលបានជ័យជម្នះនៅក្នុងការ បោះឆ្នោតនេះមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃ​ពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

នៅថ្ងៃទី១៥ ខែមីនានេះ ប្រជាជនហូឡង់ បាននាំគ្នាធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្រថ្មីចំនួន១៥០នាក់ ទៅអង្គុយនៅក្នុងសភា ខណៈគណបក្សសេរីភាព និងប្រជាធិបតេយ្យ របស់នាយករដ្ឋមន្ត្រីហូឡង់ បច្ចុប្បន្ន លោក Mark Rutte ត្រូវបានគេរំពឹងតិចតួចណាស់ថាអាចនឹង ឈ្នះឆ្នោត ប្រឈមមុខនឹងគណបក្សសេរីភាព ដឹកនាំដោយអ្នកនយោបាយស្ដាំនិយម ស្អប់សហភាពអឺរ៉ុប និងប្រឆាំងជនភៀសខ្លួន លោក Geert Wilders។ ម្យ៉ាងវិញទៀត ការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ ចំពោះសហភាពអឺរ៉ុប  ព្រោះថាបើសិនជាគណបក្សលោក Geert Wilders ឈ្នះឆ្នោតមែននោះអឺរ៉ុប អាចនឹងរង្គោះរង្គើរសាជាថ្មី រហូតដល់បែកបាក់ផ្ទៃក្នុងក៏ថាបាន នៅក្នុងបរិបទដែលអ្នកនយោបាយអឺរ៉ុបស្ដាំនិយមភាគច្រើន មានទំនោរងាកទៅរករុស្ស៊ី។

គួរបញ្ជាក់ថា លោក Geert Wilders ធ្លាប់បានសន្យាថា នៅក្នុងករណីដែលគណបក្សលោកឈ្នះឆោ្នត លោកនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយចាកចេញពី សហភាពអឺរ៉ុប (Nexit) បញ្ឈប់លំហូចូលជនភៀសខ្លួនមកពីបណ្ដា ប្រទេសអ្នកកាន់សាសនាអ៊ីស្លាម ព្រមទំាងហាមឃាត់ការសិក្សា ឬការសូត្រគម្ពី Coran ជាដើម៕