(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធម្នាក់ក្នុងរដ្ឋហាវៃ (Hawaii) បានសម្រេចចិត្តរាំងខ្ទប់ បទបញ្ជាថ្មីស្ដីពីជនអន្តោប្រវេសន៍របស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងបទបញ្ជានេះត្រូវចូល​ជាធរមាននៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

បទបញ្ជាថ្មីស្ដីពីជនអន្តោប្រវេសន៍របស់ លោក ដូណាល់ ត្រាំ ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៦ដូចជា អីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី ស៊ូដង់ និងយេមែន មិនអាចធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកនោះទេ សម្រាប់រយៈពេល៩០ថ្ងៃ និង ១២០ថ្ងៃ សម្រាប់ជនអន្តោប្រវេសន៍ទូទៅ។ ចំណែកឯប្រជាជនអ៊ីរ៉ាក់ ត្រូវបានដកចេញពីបម្រាមនេះ។

នៅក្នុងសេចក្ដីម្រេចរបស់ខ្លួន ចៅក្រមសហព័ន្ធ លោក Derrick Watson បានបញ្ជាក់ថា ការសម្រេចចិត្តហាមឃាត់ បទបញ្ជាលោក ត្រាំ ធ្វើឡើងក្នុង គោលបំណងទប់ស្កាត់ «ការបំផ្លិចបំផ្លាញដែលមិនអាចជួសជុលឡើងវិញបាន»។ តែយ៉ាងណា លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លំាងចំពោះការសម្រេចចិត្តបែបនេះ៕