(ហាណូយ)៖ ក្រុមហ៊ុនធំៗ​មួយចំនួនរបស់​ប្រទេស​វៀតណាម បានផ្អាក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមបណ្តាញសង្គម និងកម្សាន្ត YouTube ស្រប​ពេលដែលរដ្ឋាភិបាលប្រទេសកុម្មុយនិស្តមួយនេះ បានចេញយុទ្ធនាការទ្រង់ទ្រាយធំ សំដៅបង្រ្កាបការបង្ហាញភាពជំទាស់មិនពេញចិត្ត​តាម​ប្រព័ន្ធអនឡាញ ដែលវាក៏បាន​ដាក់គោលដៅ​ទៅលើ ក្រុមហ៊ុន​លំដាប់ពិភពលោក​ផ្សេងៗ​ទៀតដូចជា Unilever និង Samsung ផងដែរ។ ​នេះ​បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ២០១៧នេះមក វៀតណាមបាន​ចាប់ផ្តើមអនុវត្តន៍​យុទ្ធសាស្រ្តថ្មី​ខាងលើ​ ដែលសំដៅ​ដាក់​សម្ពាធ​​ទៅ​លើ​​បណ្តា​ក្រុម​​ហ៊ុន​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម រួម​ទាំងក្រុមហ៊ុន​អន្តរជាតិមួយ​ចំនួនទៀត​ដូចជា YouTube និង Google ដើម្បី​ជំរុញក្រុមហ៊ុន​ទាំងអស់នេះ​ ឲ្យ​ព្យា​យាម​​លុប​ចោល​​នូវ​​ខ្លឹម​​សារ​​ក៏​​ដូច​ជា​អត្ថន័យ​​ទាំង​​ឡាយ​​ណា ដែលរដ្ឋាភិបាល​វៀតណាម​យល់ឃើញថា​ មានភាព​មិនសមរម្យ​ដែលប៉ះពាល់​ដល់​បរិយាកាសសង្គមរបស់វៀតណាម។

គួរបញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុក​ដែលទាក់ទង​នឹងបញ្ហានេះ​រួមមាន​ទាំង Vinamilk និង Vietnam Airlines ខណៈក្រុមហ៊ុន​អន្តរជាតិ​មានដូចជា​ Procter & Gamble, Unilever, Samsung, និង Yamaha Motor ដោយសារតែ​មានការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ជាប់ពាក់ព័ន្ធ​ទៅនឹង​វីដេអូ​ដែល​មិនសមរម្យ៕