(គូឡាឡាំពួ)៖ បុរសម្នាក់​ឈ្មោះ គីម ចុល ដែលត្រូវគេធ្វើឃាត​នៅម៉ាឡេស៊ីនោះ ត្រូវបានអាជ្ញាធ​បញ្ជាក់​អត្តសញ្ញាណហើយថា ជនរងគ្រោះពិតជាលោក គីម ជុងណាំ បងប្រុសម្ដាយ ទីទៃរបស់​មេនាំកូរ៉េខាងជើង​លោក គីម​ ជុងអ៊ុន ប្រាកដមែនដោយផ្អែក​លើ DNA កូនប្រុស​របស់លោក​ ដែលគេជឿជាក់ថាកំពុងរស់នៅ​កន្លែងសម្ងាត់​មួយក្នុងទីក្រុង​ម៉ាកាវ ប្រទេសចិន។ នេះបើតាម​សម្តីឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ដកស្រង់ និងចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៧។​

យោងតាមប៉ូលិស​ម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតករស្រី ០២នាក់បំពុលស្លាប់នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រើប្រាស់​សារធាតុ​គីមពុល VX​។ ក៏ប៉ុន្តែ​ដោយសា​រតែបុរសម្នាក់​នោះ កាន់លិខិតឆ្លងដែន​ឈ្មោះ គីម ចុល ទើបរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​មិនទាន់ទទួល​ស្គាល់ថារូបគេ គឺជាលោក គីម ជុងណាំ ខណៈរហូត​មកទល់​នឹងពេលនេះ ក៏ពុំទាន់មាន​គ្រួសារសាច់ញាតិរបស់លោក​មកទទួល​ត្រឡប់ទៅ​វិញដែរ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi ថ្លែងប្រាប់អ្នក​សារព័ត៌មាន​នានានៅថ្ងៃពុធនេះ យ៉ាងដូច្នេះថា «ខ្ញុំសូម​បញ្ជាក់ជា​ថ្មីម្ដងទៀត ថា​បុរសម្នាក់នោះ គឺពិតជា​លោក គីម ជុងណាំ... ហើយការ​បញ្ជាក់នេះធ្វើ​ឡើងដោយផ្អែក​លើ ​DNA កូនប្រុសរបស់​លោក»។ ជុំវិញព័ត៌មានថ្មីចុងក្រោយនេះ មិនទាន់​មានប្រតិកម្ម ឬការបកស្រាយណាមួយពី​កូរ៉េខាងជើងនោះ​ឡើយ ខណៈសង្គ្រាម​ការទូតរវាង​ប្រទេស​​ទាំងពីរ​ហាក់មាន​ភាពស្ងប់ស្ងាត់​បន្តិចហើយ៕