(ប៉េកាំង)៖ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន បន្ទាប់ពីបានបិទបញ្ចប់​សម័យប្រជុំប្រចាំឆ្នាំ​ដ៏សំខាន់មួយ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹង​នៅតែបន្តមានតួនាទី​ជាក្បាលម៉ាស៊ីន​ដ៏សំខាន់​ សម្រាប់ការ​រីកចំរើនរបស់​ពិភពលោក។ នេះបើតាម​​ការ​ចេញ​ផ្សាយ​​ដោយ​ទីភ្នាក់​ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

យោងតាម​លោក Li Keqiang ដោយសារតែ​ចំនួន GDP របស់ចិនមានកើន​លើសពី​ ៧៤ពាន់ពាន់​លានយ័ន ឬប្រហែល ១១​ពាន់​ពាន់​លាន​ដុល្លារ​ កំណើនសេដ្ឋកិច្ច ៦.៥ភាគរយនៅ​ក្នុងឆ្នាំ២០១៧នេះ ពុំមែនមាន​ន័យថា​ ការចូលរួម​ចំណែក​របស់​ប្រទេស​ចិន​ទៅដល់ពិភព​លោក​​នឹង​​​ធ្លាក់​ចុះ​​ឡើយ។ លោក Li បាននិយាយថា​ គោលដៅកំណើន​សេដ្ឋកិច្ចទាប នឹង​អនុ​ញ្ញាត​ឲ្យ​ចិន​​កាន់តែខិត​ខំ​ប្រឹង​ប្រែង​​បន្ថែម​​ក្នុង​​ការ​​បង្កើន​​គុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​​នៃ​ប្រតិ​បត្តិ​ការ​​​សេដ្ឋ​កិច្ច ហើយកំណើន​សេដ្ឋកិច្ចប្រមាណ ៦.៥ភាគរយមិនមែន​ជាកំណើនយឺត​នោះ​ឡើយ និងមិនងាយ​សម្រេចបានទេ។

​គួរបញ្ជាក់នាឱកាសនោះទៀត លោក Li ក៏បានលើកឡើង​ច្បាស់ៗដែរថា ចិនមិន​ចង់ឃើញឃើញ​សង្រ្គាមពាណិជ្ជកម្ម​ផ្ទុះឡើងជាមួយ​សហរដ្ឋ​អាមេរិក​នោះទេ ព្រោះថា​មិនត្រឹមធ្វើឲ្យ​ប្រទេសទាំងពីរ​ខាតបង់នោះឡើយ តែថែមទាំង​អាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច​ពិភពលោក​ទាំងមូលទៀត​ផង៕