(ម៉ូស្គូ)៖ បន្ទាប់ពីស្ងប់ស្ងាត់​អស់មួយរយៈ កងកម្លាំង​​នៃ​កង​អង្គ​ភាព​​ការពារ​ដែន​អាកាស​​របស់​រុស្ស៊ី នឹង​ធ្វើ​ការ​បាញ់​មីស៊ីល​​ប្រភេទ​​ប្រឆាំង​​យន្ត​​ហោះ​​ចម្បាំង​​ប្រមាណ​ ​៥០០គ្រាប់ នៅក្នុង​សមយុទ្ធទ្រង់ទ្រាយ​ដ៏ធំៗថ្មីមួយ ដែលចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅក្នុងតំបន់​ស៊ីប៊ែរី ភាគខាង​កើត​​ប្រទេស​រុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះបន្តិច​នារសៀល​ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

យោងតាម​លោក​ឧត្តមសេនីយ៍ Alexander Gordeev អ្នកនាំពាក្យ​នៃទីបញ្ជាការ​យោធា​ភាគកើតរុស្ស៊ី សមយុទ្ធខ្នាត​ធំខាងលើ​នឹងមាន​ការ​​ប្រើ​ប្រាស់ ប្រព័ន្ធមីស៊ីល​ប្រឆាំងយន្តហោះ​ចម្បាំងទំនើបៗ​ និងពោរពេញ​ដោយ​អានុភាព​ដូចជា S-400, S-300, Tor, Osa, Strela-10 និង Pantsir-S រួមទាំង​កាំភ្លើងយន្ត​ប្រឆាំងយន្តហោះ​ចម្បាំងមួយចំនួន​ផ្សេងទៀត។

លោក Gordeev បានថ្លែងថា «កងអង្គភាព​ការពារដែនអាកាស​ នឹងចាប់ផ្តើមធ្វើការអនុវត្តន៍​ដោយការហ្វឹកហាត់​ចាប់សញ្ញា ​និង​តាមដាន ក៏ដូចជាកត់សម្គាល់ ព្រមទាំង​កម្ទេចចោលគោល​ដៅមីស៊ីលតូចៗ​ ដែលមានល្បឿន​យ៉ាងលឿន។ មីស៊ីលធម្មតា​ប្រហែល​​ ២៥០​គ្រាប់ រួម​ជាមួយ​​មីស៊ីល​ប្រដេញចំនួន​ពីរគ្រាប់​ នឹងត្រូវប្រើប្រាស់​ដើម្បីធ្វើជា​ការវាយលុក​តាមផ្លូវអាកាស​របស់សត្រូវ ហើយមីស៊ីល​ប្រឆាំងយន្តហោះ​ចម្បាំង​ប្រមាណ ៥០០គ្រាប់ នឹងត្រូវប្រើប្រាស់​ដើម្បីកម្ទេច​ពួកវា»

គួរបញ្ជាក់ថា​ពលទាហានសុរបចំនួន ៨,០០០នាក់ ព្រមទាំង​បរិក្ខាយោធា​ជាង ១,០០០គ្រឿង នឹងចូលរួម​នៅក្នុងសមយុទ្ធ​ទ្រង់ទ្រាយធំ​ថ្មី​​នេះរបស់​ប្រទេស​រុស្ស៊ី ខណៈនាពេលថ្មីៗ​នេះ​ក៏មានសេចក្តីរាយការណ៍​ផងដែរថា កងនាវាចម្បាំង​​ប្រឆាំងនាវាមុជទឹក​នៃ​មហាសមុទ្រ​​ប៉ា​ស៊ី​ហ្វិក​របស់រុស្ស៊ី​បានទៅចូលរួម​សមយុទ្ធយោធា​ជើងទឹក​ នៅដែនសមុទ្រជប៉ុន៕