(សេអ៊ូល)៖ កូរ៉េខាងត្បូង​នឹងរៀបចំការ​បោះឆ្នោត​នៅថ្ងៃទី០៩ ខែឧសភាខាងមុខនេះ ដើម្បីជ្រើសរើស​ប្រធានាធិបតី​អាណត្តិថ្មី និងសម្រាប់ជំនួសតំណែងលោកស្រី ផាក គឺនហេ ដែលត្រូវបាន​តុលាការធម្មនុញ្ញ​ទម្លាក់ចេញពី​តំណែងជាផ្លូវការ​ កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​នយោបាយជាមួយមិត្តភក្តិរាប់ទសវត្សរ៍ឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ ចេញផ្សាយ​នៅរសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក វ៉ាង ក្យូអាន់ (Hwang Kyo-ahn) ដែលកំពុង​កាន់តួនាទី​បន្ថែមជាប្រធានាធិបតី​ស្ដីទីនោះ នៅព្រឹក​ថ្ងៃពុធនេះ បាននិយាយថា​ លោកមិនមាន​បំណងចូលរួម​នៅក្នុងការបោះឆ្នោត​នេះទេ បើទោះបីជា​ប្រជាប្រិយភាព របស់លោក​ហាក់ដូចជាហក់ឡើង​ខ្ពស់ នៅក្នុង​ចំណោម​បេក្ខជនប្រធានាធិបតី​បែបអភិរក្សនិយម​ក៏ដោយ។ ទោះបីជា​យ៉ាងណា​បើតាមការស្ទង់មតិជាច្រើន បន្ទាប់ពី​អតីតអគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន សម្រេចចិត្ត​ដូចលោក វ៉ាង គេកំពុងសម្លឹង​ឃើញកាន់តែច្បាស់ថា​ អតីតប្រធាន​គណបក្ស Minjoo លោក មូន ជេអ៊ីន (Moon Jae-in) អាចនឹងជាប់ឆ្នោត​ជាប្រធានាធិបតី​កូរ៉េខាងត្បូងពីព្រោះតែ​ប្រជាប្រិយភាពរបស់លោក មានការកើនឡើងជាលំដាប់។

គួរបញ្ជាក់ថា​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានក្រុម​រដ្ឋអាជ្ញាកោះហៅ​ឱ្យមកបំភ្លឺក្នុងនាម​ជាជនសង្ស័យ​ពាក់ព័ន្ធនឹង​សំណុំ រឿងពុករលួយ​នយោបាយ ឆយ ស៊ូនស៊ីល ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនាខាងមុននេះ ហើយដែលប្រភពជិតស្និទ្ធនឹងលោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីត្រៀម​ខ្លួនជានិច្ចដើម្បី​សហការជា​មួយក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង៕